(ក្រចេះ)៖ ប្រជាពលរដ្ឋ ក្នុងស្រុកស្នួល ខេត្តក្រចេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ និងបានត្រៀមរៀបចំរួចជាស្រេច ក្នុងការវាយគង វាយស្គរ វាយប៉ោត ដើម្បីអបអរសាទរ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នាវេលាម៉ោង៩៖០៩នាទីព្រឹក ខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ១,៧០០លានដុល្លារអាមេរិក។
ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ -ល-។
និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
សូមរំលឹកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស នាំគ្នាវាយគង វាយស្គរ វាយប៉ោត ឬវាយអ្វីមួយ ដែលបង្កើតបានសំឡេង ដើម្បីចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រ គម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់កូនខ្មែរ។
គម្រោងព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩៖០៩នាទីព្រឹក។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាចលនាជាតិដ៏ធំសម្រាប់ប្រជាជាតិកម្ពុជា៕