(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន បានបញ្ជាក់ថា នឹងបន្តគាំទ្រផ្តល់កិច្ចសហការ និងភាពជាដៃគូជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ហៅកាត់ថា ARMAC ដៃគូអភិវឌ្ឍ និងប្រតិបត្តិករបោសសំអាតមីន ដើម្បីចូលរួមសម្រេចគោលដៅចម្បងរបស់ រាជរដ្ឋាភិបាលកម្ពុជា គឺបានប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេស ដែលលែងមានផលប៉ះពាល់ ដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម។
អគ្គលេខាធិការដ្ឋានអាជ្ញាធរមីនសង្ឃឹមយ៉ាងមុតមាំថា មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាងសំខាន់ រួមចំណែកក្នុងការលើកកម្ពស់វិស័យសកម្មភាពមីន នៅក្នុងតំបន់ និងអន្តរជាតិ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
តាងនាមអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានសម្តែងការអរគុណយ៉ាងដូចច្នេះថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង អបអរសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ក្រោមការដឹកនាំសម្របសម្រួលដោយលោក ប្រាស៊ីត សាយ៉ាស៊ីត ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ប្រចាំនៅក្រកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការមជ្ឈមណ្ឌល ARMAC ក្នុងរាជធានីភ្នំពេញ»។
អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន បានបញ្ជាក់ឲ្យដឹងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌល ARMAC ហើយដែលទទួលបានការគាំទ្រពីថ្នាក់ដឹកនាំអាស៊ាន ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃមជ្ឍមណ្ឌលនេះ។
សម្តេចតេជោ ក៏បានចាត់ទុកវិស័យសកម្មភាពមីន ជាអាទិភាពមួយដ៏សំខាន់ ក្នុងចំណោមអាទិភាពផ្សេងៗទៀត ហើយបានដាក់បញ្ចូលទៅក្នុងគោលដៅទី៩ នៃផែនការអភិវឌ្ឍន៍សហសវត្សកម្ពុជា និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលជាការបញ្ជាក់ពីឆន្ទះដ៏មោះមុត ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជាចូលរួមចលនា ជាមួយពិភពលោកក្នុងការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមឱ្យអស់ពី កម្ពុជា តំបន់ និងពិភពលោកទាំងមូល។
ជាមួយនេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តជាតិ និង ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង ក្នុងដំណើរការរៀបចំ និងប្រព្រឹត្តទៅមជ្ឈមណ្ឌល ARMAC៕