(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍និងអបអរសារទរយ៉ាងកក់ក្តៅជូនចំពោះ លោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកកាន់តែសកម្មនិងខ្លាំងឡើង ដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងប្រទសទំាងពីរកម្ពុជា-ចិន ឈានទៅសម្រចបាននូវការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដោយយកប្រជាជនជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត នៅក្នុងរយៈពេលប្រមាណជាងមួយខែមកនេះ លោកឯកអគ្គរដ្ឋទូត មិនត្រឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ
សំខាន់ៗរបស់កម្ពុជាប៉ុណ្ណោះទេ លោកក៏បានចុះជួបប្រជាពលរដ្ឋកម្ពុជានៅទីកន្លែងផ្សេងៗដោយផ្ទាល់ផងដែរ ដែលកាយវិការនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ស្របជាមួយនឹងឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៤នេះ។
លោក វ៉ាង វិនពីន ក៏បានអបអរទរសាទរ សម្តេចរដ្ឋសភាធិបតី ដែល សម្តេច ត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា និងជាស្រ្តីលើកដំបូងដែលកាន់តួនាទីដ៏សំខាន់នេះ។ លោក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថា សម្តេចជាអ្នកនយោបាយស្រ្តីដ៏ឆ្នើមមួយរូបហើយក៏ជាមិត្តចាស់របស់ប្រទេសចិន ដែលជានិច្ចកាលបានចូលរួមចំណែក លើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលរហូតមកដល់ពេលបានឈានជិតចូលដល់ខួប៧០ឆ្នាំ ហើយត្រូវបានបន្តពូនជ្រំ ពង្រឹង ពង្រីក និងលើកកម្ពស់បន្ថែមទៀតដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ តាំងពីអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីមាន ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតប្រមុខដឹកនាំកំពូលចិន ដែលមាន លោកប្រធាន ម៉ៅ សេទុង លោក ជូ អេងឡាយ ហើយបានបន្តមកដល់ជំនាន់បច្ចុប្បន្ន ដែលមាន សម្តេចតេជោ ហ៊ុន សែន បន្តវេនមក សម្តេចមហាវបធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គ្របដណ្តប់លើវិស័យអាទិភាពចំនួនប្រាំមួយ (៦) គឺ៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ, និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលក្នុងនោះដែរ កម្ពុជា-ចិន បានឯកភាពគ្នាបង្កើត "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆា និងអង្ករ" ដើម្បីជាផែនទីចក្ខុវិស័យសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ភាគីទំាងពីរ ក៏បានអបអរសាទរ ចំពោះ ការសម្ពោធមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ ដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តវេនថែរក្សាការពារចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះ ពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទំាងពីរ ដែលបានប្រសិទ្ធនាមមហាវិថីម៉ៅសេទុង រួចមកហើយនោះ។
សម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខខណ្ឌ ដែលមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជានិងចិនប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា លោកនឹងពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងជួយពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសចិននាពេលខាងមុខ ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំនេះ ដែលនឹងជំរុញបន្ថែមនូវថាមពលថ្មីមួយឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ក្នុងន័យនេះ ប្រទេសចិន ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរកាន់តែគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង៕