(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការកំណត់វិស័យអាទិភាព សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥» ក្រោមអធិបតីភាព លោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលាពិគ្រោះយោបល់ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សហគ្រាសសាធារណៈ និងតំណាងដៃគូអភិវឌ្ឍ ដែលមានអ្នកចូលរួមសរុបចំនួន ១២២នាក់ ក្រោមការសម្របសម្រួល របស់អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសនេះ លោក មាស សុខសេនសាន បានថ្លែងថា ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ការពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន គឺជាមុំដ៏សំខាន់មួយ ក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបន្ថយសម្ពាធថវិកាជាតិ និងបន្ទុកបំណុលសាធារណៈ។
លោករដ្ឋលេខាធិការ បានលើកឡើងថា ទន្ទឹមនឹងដំណើរអភិវឌ្ឍន៍ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលមានតម្រូវការធ្វើអាទិភាវូបនីយកម្ម វិស័យសំខាន់ៗដែលជាចន្ទល់សេដ្ឋកិច្ច ក្នុងរយៈពេលមធ្យមខាងមុខ ដើម្បីអនុវត្តគម្រោងតាមយន្តការ PPP ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាអតិបរមា។ ឈរលើមូលដ្ឋាននេះ សិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «ការកំណត់វិស័យអាទិភាពសម្រាប់គម្រោង PPP ឆ្នាំ២០២៥-២០៣៥» ត្រូវបានរៀបចំឡើងសំដៅធានា នូវភាពគ្រប់ជ្រុងជ្រោយ និងសង្គតិភាពនូវវិស័យអាទិភាពសម្រាប់គម្រោង PPP ឱ្យស្របនឹងទិសដៅគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងគោលនយោបាយវិនិយោគរបស់ក្រសួង ស្ថាប័នផ្សេងៗ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការគិតគូរជាយុទ្ធសាស្ត្រ លើការវិនិយោគសាធារណៈ និងជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈតាមយន្តការ PPP ខាងលើ។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ការកំណត់វិស័យអាទិភាពសម្រាប់គម្រោង PPP សម្រាប់ឆ្នាំ២០២៥-២០៣៥ នឹងជួយគាំទ្រដល់ក្រសួង និងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាស្ថាប័នសាមី ក្នុងការសម្រួចផែនការវិនិយោគ PPP របស់ខ្លួន ឱ្យស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល និងរក្សាភាពជាម្ចាស់លើដំណើរការរៀបចំអភិវឌ្ឍគម្រោង ដោយធ្វើការជ្រើសរើសប្រភពហិរញ្ញប្បទានដែលស្រមស្រប និងផ្តល់នូវតម្លៃនៃលុយ (Value for Money)។
ជាលទ្ធផល អង្គសិក្ខាសាលាបានចូលរួមពិភាក្សាដោយយកចិត្តទុកដាក់ និងបានលើកឡើងនូវមតិយោបល់យ៉ាងផុសផុល ប្រកបទៅដោយភាពប្រាកដនិយម និងចក្ខុវិស័យរយៈពេលវែង ដែលកិច្ច-ពិភាក្សានេះបានផ្តល់នូវពុទ្ធិបន្ថែមដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការប្រមូលនូវធាតុចូល ដើម្បីសិក្សា និងរៀបចំកំណត់នូវវិស័យអាទិភាពសម្រាប់គម្រោង PPP សម្រាប់រយៈពេល ១០ ឆ្នាំ (ឆ្នាំ២០២៥-២០៣៥) ឱ្យកាន់តែមានមូលដ្ឋានរឹងមាំ និងគ្រប់ជ្រុងជ្រោយ និងសមស្របទៅនឹងបរិបទរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ចំពោះតំណាងធនាគារពិភពលោក ដែលបានចូលរួមធ្វើបទបង្ហាញ ស្តីពី «ការវាយតម្លៃក្របខ័ណ្ឌហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា (Cambodia Public Finance Review)» ដែលជាធាតុចូលជួយតម្រង់ទិស ក្នុងការអនុវត្តដំណាក់កាលបន្ទាប់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល និងការកំណត់វិស័យអាទិភាព សម្រាប់ការវិយោគគម្រោងសាធារណៈតាមយន្តការ PPP ក៏ដូចជាថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សហគ្រាសសាធារណៈ និងតំណាងដៃគូអភិវឌ្ឍ ដែលបានផ្តល់ធាតុចូល និងអនុសាសន៍ដ៏មានតម្លៃ ក្នុងការកំណត់នូវវិស័យអាទិភាពសម្រាប់គម្រោង PPP រយៈពេល ១០ឆ្នាំខាងមុខ៕