(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជា បានលើកឡើងថា អ្នកនយោបាយប្រឆាំង និងអ្នកវិភាគឯករាជ្យមួយចំនួន សូមកុំចេះតែវិភាគដោយបបូរមាត់ និងវិភាគទៅតាមអារម្មណ៍ ដោយមិនមានឯកសារគ្រប់គ្រាន់ក្នុងដៃ ហើយមិនព្រមមើលឯកសារ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមជជែកពិភាក្សាស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» (CLV) ដោយក្រុមអ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០២៤នេះ។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកប្រឆាំង ពួកអ្នកវិភាគឯករាជ្យ វិភាគគ្មានឯកសារ វិភាគយកយកអារម្មណ៍ទៅវិភាគ យកបបូរមាត់ទៅវិភាគ អត់ព្រមមើល បើមើលអត់ទេ [...] មិនមែនគ្រាន់តែនិយាយដោយបបូរមាត់ ហើយ សម្ដេចតេជោ ហ៊ុន សែន ទៅកាត់ដីយ៉ាងម្ដេច»។
បន្ថែមពីនោះទៀត លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឲ្យដឹងថា ពីមុនគ្មានឯកសារទេ មានតែឯកសារបន្សល់ពីអាណានិគមនិយមបារាំង ហើយឯកសារទាំងអស់នោះ គ្មានសរសេរបែបហ្នឹងទេ គឺគេហៅថា ផែនទីរដ្ឋបាល។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា មានអ្នកខ្លះថា យកផែនទីទៅតម្កល់ នៅអង្គការសហប្រជាជាតិ ដែលនោះ ជាផែនទីទៅប្ដឹង អង្គការសហប្រជាជាតិ ដែលអាមេរិកទម្លាក់គ្រាប់បែក B52 មិនមែនទម្លាក់នៅលើទឹកដីខ្មែរ ទម្លាក់ទៅលើទឹកដីវៀតណាម។ បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ផែនទីនោះ គឺជាផែនទីប្ដឹង៕