(ភ្នំពេញ)៖ លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធចូលរួម «បង្កើនការផ្សព្វផ្សាយទាក់ទងទៅនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» ឱ្យបានកាន់តែទូលំទូលាយ។
អ្នកជំនាញទស្សនវិជ្ជារូបនេះ បានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចពិភាក្សាតុមូលជជែកអំពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» (CLV) នៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០២៤។ កិច្ចពិភាក្សានេះក៏មានការចូលរួមពី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិនផងដែរ ក្រោមការសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត ឈត ប៊ុនថង បានបញ្ជាក់ថា៖ «មិនមែនថា កន្លងមក ក្រសួង និងស្ថាប័នពាក់ព័ន្ធមិនបានចូលរួមផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែសូមបង្កើនការផ្សព្វផ្សាយបន្ថែមទៀត ដោយលុបបំបាត់ការមូលបង្កាច់ពី ព័ត៌មានមិនពិត និងមានតម្លាភាព ក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋឲ្យជ្រាបកាន់តែច្បាស់ មិនតែប៉ុណ្ណោះ បើមានឯកសារជាភាសាអង់គ្លេសអាចបកប្រែ និងពន្យល់បន្ថែមទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែទូលំទូលាយ»។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
កាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួន បានយកបញ្ហានេះ ជារបៀបវារៈនយោបាយ ដោយចោទប្រកាន់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ជាកិច្ចព្រមព្រៀងដែលរដ្ឋាភិបាល កាត់ទឹកដីចំនួន៤ខេត្ត រួមមានខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ទៅឱ្យប្រទេសវៀតណាម។ ការបំភ្លៃការពិតនេះ ត្រូវបានច្រានចោលទាំងស្រុង និងមានវិធានការភ្លាមៗផងដែរ ក្នុងនោះមានមនុស្ស៤នាក់ ត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតកិច្ចសហប្រតិបត្តិការនេះ តាំងក្នុងឆ្នាំ១៩៩៩ បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា គ្មានការដាក់ហ៊ុននិងគ្មានការកាត់ទឹកដីឱ្យវៀតណាម តាមការបំផុសបំផុលបំផ្លើសដោយក្រុមប្រឆាំងនោះទេ៕