(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្ត ឧត្តមសេនីយឯក ស្រឹ ឌឹក មេបញ្ចាការកងពលធំទី៣, ឧត្តមឧត្តមសេនីឯក កែវ ធី មេបញ្ចាការកងពលធំទី២ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ និងចែកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារ នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថ្លែងបន្តទៀតថា នេះជាលើកទី៤ ដែលកន្លងមកយើងបានដោះស្រាយប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៤៣គ្រួសារ និងបានកសាងផ្លូវគ្រួសក្រហម ប្រវែង១២គីឡូម៉ែត្រ តបណ្ដាញអគ្គិសនី បំពាក់អំពូលសូឡា ចំនួន១២ផ្ទាំង (នៅតាមទីតាំងសំខាន់ៗក្នុងភូមិ សាលារៀនសាលាឆទាន) តទុយោទឹកបានប្រវែង ១,៥០០ម៉ែត្រ ដល់ពាងទឹកប្រជាពលរដ្ឋ សាងសង់បង្គន់អនាម័យតាមខ្នងផ្ទះ និងកំពុងសិក្សាគម្រោងរៀបចំធ្វើអាងស្តុកទឹកស្អាត ១កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហាររបស់យើង។ ទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។
លោកបញ្ជាក់ថា នឹងរៀបចំភូមិម្រេច ពីភូមិដែលដាច់ស្រយាល មកក្លាយជាភូមិគម្រូមួយដែលល្អជាងគេ និងសន្យាផ្ដល់ជូនបន្ថែមនូវ ពូជទាកាប៉ា ទាកាប និងដើមក្រូចឆ្មា សម្រាប់បងប្អូនប្រជាពលរដ្ឋ។
ដោយឡែកលោក គីម រិទ្ធី បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងអំពាវនាវបងប្អូនប្រជាពលរដ្ឋគាំទ្រ និងអបអរសាទរយ៉ាងក្លៀវក្លា ជាមួយនិងការប្រកាសបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក និងតាមមធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង។ គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា។
ក្នុងនោះ នាយឧត្តមសេនីយ៍បានចុះពិនិត្យមើលទីតាំងសាងសង់អគារ មន្ទីរពេទ្យ ៣ខ្នង ដែលមានអគារព្យាបាល និងសម្ភព១ខ្នង ២ជាន់ ទទឹង១០ម៉ែត្រ×បណ្ដោយ៣២ម៉ែត្រ, អគាររោងបាយ១ខ្នង ទទឹង១៣,៥ម៉ែត្រ×បណ្ដោយ ២៣ម៉ែត្រ, អគាររងចាំ១ខ្នង ទទឹង៩ម៉ែត្រ×បណ្ដោយ១២ម៉ែត្រ នៅមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ដែលសមិទ្ធផលទាំងនេះជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
សូមបញ្ជាក់ថា អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន១៦៣គ្រួសារនៅភូមិម្រេចនាពេលនេះ មានចំនួន ៣៤មុខ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ស្ករ២គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១គីឡូ ប្រងឆា១លីត្រ ខ្ទះឆា១ វែកឆា១ វែកសម្ល២ វែកបាយ១ ស្លាបព្រា+សម១០ឈុត ចានបាយ៥ ចានចង្កឹះ៥ ចានសម្លធំ២ ចានពងក្រពើ២ ឆ្នាំងឈូក១ ឆ្នាំងចាក់១ ត្បាល់បុក១ កាំបិតមុខពីរ១ កាំបិតតាំងតោ១ ជ្រញ់១ បោយទឹក១ ធុង៣០លីត្រ១ កញ្ច្រែងផ្កាប់ចាន១ កញ្ច្រែងផ្កាប់កែវ១ កញ្ច្រែងបន្លែ២ កាធុន២៨ ១ កាធុន៤០ ១ កាធុន៤៨ ១ ស្វាយកែវល្មៀត២ដើម ស្វាយតៃវ៉ាន់១ដេីម ខ្នុរ២ដេីម ដូង២ដេីម និងថវិកា៥០,០០០រៀល ផងដែរ៕