(ភ្នំពេញ)៖ រយៈពេលជិតពីរសប្ដាហ៍មកនេះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គម ដោយមានក្រុមប្រឆាំងខ្លះ បានលើកឡើងបំផ្លើសខុសពីការពិត បានចោទរាជរដ្ឋាភិបាលថា បានកាត់ទឹកដីខ្មែរចំនួន៤ ខេត្តរួមមាន មណ្ឌលគិរី, រតនគិរី, ស្ទឹងត្រែង និងក្រចេះ ឱ្យទៅប្រទេសវៀតណាមតាមរយៈគម្រោងអភិវឌ្ឍន៍នេះ ត្បិតព័ត៌មាននេះប្រាសចាកខុសពីការពិត ធ្វើឱ្យមហាជនខ្លះបានជេរប្រមាថដល់រដ្ឋាភិបាលកម្ពុជា ដោយមិនបានសិក្សាស្រាវជ្រាវនោះទេ។
ថ្លែងក្នុងវេទិកាតុមូលជជែកពិភាក្សា ស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤នេះ, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកដែលបានចូលរួមសម្តែងកង្វល់អំពីបញ្ហាជាតិគឺជារឿងមួយដែលសមស្របហើយ ប៉ុន្តែទន្ទឹមនឹងការកង្វល់នោះ ក៏ត្រូវមានចំណេះដឹងផ្នែកច្បាប់ បរិយាកាសសង្គមនយោបាយដែលជាបន្ទាត់ក្រហម ខណ្ឌរាល់ការវិភាគដោយមិនផ្អែកលើមូលដ្ឋានទាំងពីរនេះ។
វេទិកាតុមូលជជែកពិភាក្សា ស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» បានរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ដោយមានវត្តមានវាគ្មិន៤រូប អញ្ជើញចូលរួមគឺ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាសាស្រ្តទំនាកទំនងអន្តរជាតិនៃកម្ពុជា, លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងសម្របសម្រួលដោយលោកបណ្ឌិត គិន ភា ប្រធានវិទ្យាសាស្រ្តទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងមានការចូលរួមពីសិក្ខាកាមជិត២០០នាក់ផងដែរ។
នាឱកាសនេះ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា កិច្ចពិភាក្សាមួយនេះជាវេទិកាដ៏ល្អមួយ ដែលចូលរួមជាធាតុចូលសម្រាប់ប្រជាជាតិយើងទាំងអស់ ហើយលោកបានចូលរួមសាទរចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ បើទោះបីជាមានការលើកឡើងអវិជ្ជមានតាមរយៈពាក្យសម្តីមិនសមរម្យយ៉ាងណាក៏ដោយ។ លោកបានបន្តថាការលើកឡើងពីក្ដីព្រួយបារម្ភទាំងឡាយជុំវិញគម្រោងអភិវឌ្ឍន៍នេះ កើតឡើងដោយសារការទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ខ្វះចន្លោះឬម្ដងម្កាល តាមអ្នកនយោបាយលើកឡើង។
លោកបណ្ឌិតបានបញ្ជាក់ថា ការដែលមិនបានសិក្សាអំពីវិទ្យាសាស្រ្តនយោបាយពិតប្រាកដ ទើបធ្វើឱ្យមានការបង្កនូវចលាចលណាមួយ ខណៈដែលការសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយនឹងផ្ដល់នូវសុក្រឹត្យភាពដល់ប្រជាជនទាំងអស់។
ជាមួយគ្នានេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានគូសបញ្ជាក់ថា៖ «ការកង្វល់ទៅលើបញ្ហាជាតិ ទឹកដី អធិបតេយ្យ វាជារឿងសមស្របរបស់ប្រជាជាតិនីមួយៗ ស្របនឹងអ្នកប្រាជ្ញា រ៉ាសែល ជាតិអាល្លឺម៉ង់ដែលគាត់តែងលើកឡើងថា រដ្ឋគឺជាសេរីរាង្គរស់ដែលរស់រវើក គឺពលរដ្ឋដែលរស់រវើក តែរស់រវើកត្រូវមានបន្ទាត់ក្រហម, ចំណេះដឹងជាបន្ទាត់ក្រហមទីមួយ, បន្ទាត់ក្រហមទីពីរគឺច្បាប់, បន្ទាត់ក្រហមទីបីគឺបរិយាកាសសង្គមនយោបាយ និងដំណើរវិវត្តន៍របស់សកលលោក ដែលយើងត្រូវយល់»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារពិសេសអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលជាការគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ សម្ដេចបានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្មានការដាក់ហ៊ុននិងគ្មានការកាត់ទឹកដីឱ្យវៀតណាមតាមការបំផុសបំផុល បំផ្លើសដោយក្រុមប្រឆាំងនោះទេ។
តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ជាប់ព្រំដែន ដែលនឹងត្រូវអភិវឌ្ឍរៀងៗខ្លួន ក្នុងនោះប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។
តំបន់ត្រីកោណអភិឌ្ឍន៍នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់។
គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ផងដែរ៕