(សៀមរាប)៖ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានជំរុញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។
ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីឲ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុស ត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។
ការជំរុញយ៉ាងដូច្នេះរបស់លោក ស៊ីន ចាន់ថុល ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ ក្នុងភូមិគោកព្នៅ, ភូមិអន្តង្គន់, ភូមិតាកាំ, ភូមិត្នោតជ្រុំ, ភូមិតាស្នេហ៍, ភូមិរហាល និងភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើន ពិធីនេះធ្វើនៅបរិវេណវត្តនាមរូបក្នុងឃុំដូនកែវ នាថ្ងៃ០១ ខែសីហា ឆ្នាំ២០២៤។
លោកបានបន្តថា ដើម្បីឲ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យទៅបាន គឺទាមទារកិច្ចសហការពីប្រជាពលរដ្ឋដែលម្ចាស់ដីផ្ទាល់ ក្នុងការចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវការប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់ផងដែរ។
លោក ហ៊ី សាយ បានលើកឡើងថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះ ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន៖ ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ លោកបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណាដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។
លោក ហ៊ី សាយ ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យឈានចូលមកដល់ ដើម្បីឲ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ផងដែរ។
ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានមកចូលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលពុំបានចួលរួមឲ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នាផងដេរ៕