(ព្រះសីហនុ)៖ សមត្ថកិច្ចបានប្រទះឃើញសពបុរសជនជាតិចិនម្នាក់ត្រង់ចំណុចស្ពានឆេះ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩៖១៥នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
យោងតាមរាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងថា ជុំវិញករណីខាងលើនេះសង្ស័យថា ជាករណីសម្លាប់ ដែលជនរងគ្រោះបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្ដដា វេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
ក្រោយមានហេតុការណ៍នេះ សាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងកាលពីព្រឹកថ្ងៃទី១ ខែសីហា រួចហើយសមត្ថកិច្ចចេញអន្តរាគមន៍ជួយស្វែងរកជនរងគ្រោះ និងធ្វើការស្រាវជ្រាវភ្លាមៗ រហូតព្រឹកថ្ងៃទី២ វេលាម៉ោង៩ព្រឹក ទើបសមត្ថកិច្ចប្រទះឃើញសពជនរងគ្រោះនៅក្បែរថ្លុកទឹក ត្រង់ចំណុចក្បែរស្ពានឆេះ។
បច្ចុប្បន្នចំពោះករណីនេះ សមត្ថកិច្ចកំពុងធ្វើបើកការស្រាវជ្រាវស្វែងរក និងបានកំពុងកំណត់មុខសញ្ញាខ្លះៗផងដែរ។ បើតាមសេចក្តីរាយការណ៍ ជនរងគ្រោះជាអ្នករកស៊ីបើកម៉ាត និងអនឡាញផងដែរ៕