(កណ្ដាល)៖ លោកបណ្ឌិត កន សុកកាយ អភិបាលស្រុកល្វាឯម បានដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទមួយទីតាំងស្ថិតនៅចំណុចស្ពានថ្ម ស្ថិតនៅព្រំប្រទល់ភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម និងភូមិបាក់ដាវ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រោយពលរដ្ឋរាយការណ៍ចូលគ្រុបតេលេក្រាមខេត្ត។
លោកបណ្ឌិត កន សុខកាយ ថ្លែងថា នៅក្នុងសកម្មភាពចុះបង្រ្គាបនេះកម្លាំង នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដកហូតវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់មួយចំនួនរួមមាន៖ លូរស្បៃមុង ចំនួន៥មាត់, របាំងស្បៃមុង ៣០០ម៉ែត្រ, បង្គោលឬស្សី ចំនួន២០០ដើម។ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបាន ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។
លោកបានលើកទឹកចិត្តពលរដ្ឋទូទាំងស្រុកល្វាឯម មេត្តាជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរបើសិនឃើញបទល្មើស ឬភាពអសកម្មណាមួយកើតឡើងនៅមូលដ្ឋានរបស់ពលរដ្ឋ លោកនឹងចុះដោះស្រាយជូនពលរដ្ឋឲ្យបានល្អបំផុត។
លោកស្នើអ្នកប្រព្រឹត្តបទល្មើសនេសាទ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើពុំដូច្នោះទេ រាល់បទល្មើសនេះអាចនឹងប្រឈមនឹងផ្លូវច្បាប់៕