(ហាណូយ)៖ នាវាឆ្មាំសមុទ្រវៀតណាម កំពុងឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន សម្រាប់ការចូលរួមសមយុទ្ធយោធា ដែលទីក្រុងហាណូយនិយាយថា វាជាលើកដំបូងដែលមានការរៀបចំបែបនេះរវាងប្រទេសទាំងពីរ និងដែលសុទ្ធសឹងតែមានវិវាទជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិវៀតណាម បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នាវា CSB 8002 ទម្ងន់ ២,៤០០តោន បានចាកចេញពីដែនទឹកវៀតណាម កាលពីថ្ងៃពុធសប្តាហ៍នេះ សម្រាប់ការដំណើរដ៏មានសារៈសំខាន់ផ្នែកនយោបាយ។ ដំណើរនេះក៏ជាឱកាសមួយ សម្រាប់ឆ្មាំសមុទ្រវៀតណាម និងហ្វីលីពីនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ ការអនុវត្តច្បាប់នៅសមុទ្រ... រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព នៅតំបន់សមុទ្រពាក់ព័ន្ធ និងនៅក្នុងតំបន់។ ភាគីទាំងពីរ នឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក ជួយសង្គ្រោះ ទប់ស្កាត់ការបាញ់ផ្លោង និងការប្រយុទ្ធគ្នា នៅឯសមុទ្រ។
គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos នៅវៀតណាម កាលពីខែមករា កន្លងទៅ ប្រទេសទាំងពីរឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រនៅសមុទ្រចិនខាងត្បូង និងដោះស្រាយឧប្បត្តិហេតុនៅសមុទ្រ ដោយសន្តិភាព៕