(កំពង់ឆ្នាំង)៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ និងអាជ្ញាធរចុះធ្វើការសម្របសម្រួលដោះស្រាយករណីវិវាទបណ្ដឹងព្រហ្មទណ្ឌ មួយករណីនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយផ្ដើមចេញពីវិវាទដីធ្លីរឿងសុំបើកផ្លូវ។ ក្នុងគោលបំណងដើម្បីផ្សះផ្សាសម្របសម្រួលភាគីទាំងសងខាង ក្នុងយុទ្ធសាស្ត្រឈ្នះឈ្នះ ដោយមិនឲ្យមានភាគីណាម្នាក់សម្រក់ទឹកភ្នែក នោះឡើយ និងដើម្បីជាប្រយោជន៍សាធារណៈផងដែរ។
ករណីវិវាទរហូតឈានដល់មានការប្ដឹងផ្ដល់គ្នាទៅតុលាការនេះ គឺផ្ដើមឡើងពាក់ព័ន្ធនឹងទំនាស់ដីធ្លីរវាងឈ្មោះលោក ឯល ព្រហ៊ីម មានទីលំនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស បានប្ដឹងលោក គុយ ឡេង ជាមេឃុំអភិវឌ្ឍន៍ ក្នុងស្រុកទឹកផុស និងប្ដឹងឈ្មោះ លោក លាង ស៊ុនហេង មានទីលំនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដូចគ្នា ពីបទប្រើប្រាស់ឯកសារក្លែង ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន។
ចំពោះការសម្របសម្រួលដោះស្រាយរបស់តំណាងអយ្យការ នៅក្នុងសាលាស្រុកទឹកផុស ដោយលោកព្រះរាជអាជ្ញា ស្នើសុំឲ្យភាគីវិវាទទាំងអស់ រួមទាំងមេធាវីទាំងសងខាង ធ្វើការពិចារណាដើម្បីរកចំណុចល្អៗ ក្នុងការចរចា និងសម្របសម្រួលក្នុងយុទ្ធសាស្ត្រឈ្នះឈ្នះទាំងអស់គ្នាក្រៅប្រព័ន្ធតុលាការនោះ។ ករណីកនេះកន្លងទៅភាគីម្ខាង បានសម្បទានដីផ្លូវទំហំ៥.៥ម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរតាំងតែពីដើមមកស្រាប់ហើយ ដោយសារផ្លូវនេះជាផ្លូវរបស់ប្រជាពលរដ្ឋតាំងពីដើមមក ហេតុនេះបើភាគីម្ខាងគេយល់ព្រម ក្នុងការសម្របសម្រួលក៏មិនជំទាស់នោះដែរដើម្បីឈ្នះឈ្នះទាំងអស់គ្នា។
ដោយឡែកប្រជាពលរដ្ឋ២៣គ្រួសាររស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ពួកគាត់បានអះអាងថា ត្រូវបានគេបិទផ្លូវរបស់ពួកគាត់រយៈពេល៨ឆ្នាំមកហើយនោះ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ ក៏បានលើកគ្នាចេញមកជួបលោកព្រះរាជអាជ្ញា ដើម្បីស្នើសុំឲ្យជួយដោះស្រាយបើកផ្លូវមួយខ្សែនេះដែលមានទទឹង៥.៥ម៉ែត្រ និងបណ្ដោយជាង៣០០ម៉ែត្រ ដែលពួកគាត់បានអះអាងថា ផ្លូវនេះត្រូវបានគេបិទតាំងពីឆ្នាំ២០១៦មក រយៈពេល៨ឆ្នាំមកនេះ ពួកគាត់ក៏បានដាក់បណ្ដឹងទៅអាជ្ញាធរស្រុក និងខេត្ត ឲ្យជួយដោះស្រាយដែរ តែមកដល់បច្ចុប្បន្ននេះមិនទាន់មានដំណោះស្រាយជូនពួកគាត់នៅឡើយទេ។
ផ្លូវមួយខ្សែដែលមានទទឹង៥.៥ម៉ែត្រ និងបណ្ដោយប្រវែងប្រមាណជា៣០០ម៉ែត្រនេះ ត្រូវបានអាជ្ញាធរវាស់ទុកឲ្យសម្រាប់កម្មកររថភ្លើងធ្វើ ដំណើរតាំងពីឆ្នាំ១៩៨៤-១៩៨៥មកម្ល៉េះ កាលណោះពួកគាត់ទាំង២៣គ្រួសារ គឺជាអតីតកម្មកររថភ្លើង បម្រើការនៅក្នុងរ៉ារថភ្លើងរមាស ក្នុងស្រុកទឹកផុសនេះ។ ដោយសារតែប្រជាពលរដ្ឋជាកម្មករមានជីវភាពក្រីក្រ មិនមានថវិកាក្នុងការធ្វើផ្លូវមួយខ្សែនេះ ឲ្យបានធ្វើដំណើរដល់ផ្លូវជាតិលេខ៥៣ ម្យ៉ាងដោយស្ថានភាពផ្លូវត្រង់ចំណុចក្បែរផ្លូវជាតិ ជាដីទំនាបខ្លាំងមានដក់ទឹកជ្រៅជារៀងរាល់រដូវវស្សា ដែលត្រូវចំណាយច្រើនក្នុងការចាក់ដីទើបពួក គាត់មិនមានលទ្ធភាពធ្វើផ្លូវនេះ។
ប្រជាពលរដ្ឋទាំង២៣គ្រួសាររស់នៅតំបន់នោះ ស្នើសុំដល់អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយដោះស្រាយបើកផ្លូវមួយខ្សែនេះជូនពួកគាត់ឲ្យបានធ្វើដំណើរទៅឡើងផ្លូវជាតិលេខ៥៣។ បើតាមប្រជាពលរដ្ឋពួកគាត់បានបញ្ជាក់ថា ពីត្រង់កន្លែងគេធ្វើរបងបិទផ្លូវ ទៅដល់ផ្លូវជាតិលេខ៥៣ មានចម្ងាយត្រឹមតែ៣៥ម៉ែត្រតែប៉ុណ្ណោះ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធដោយផ្ទាល់ចុះពិនិត្យដោះស្រាយ និងធ្វើការសម្របសម្រួ លជាមួយភាគីវិវាទរួមទាំងភាគីប្រជាពលរដ្ឋ ដែលលោកហៅថាភាគីតតីយជន (គឺជនទី៣)។
ការចុះពិនិត្យដោះស្រាយករណីវិវាទខាងលើនេះ បន្ទាប់ពីលោកព្រះរាជអាជ្ញា ដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធភាគីវីវាទទាំងសងខាង រួមនឹងប្រជាពលរដ្ឋចុះពិនិត្យទីតាំងដីវិវាទខាងលើនេះរួចហើយ ក៏បានរៀបចំកម្មវិធីពិភាក្សារកដំណោះស្រាយក្នុងយុទ្ធសាស្ត្រឈ្នះឈ្នះទាំងអស់គ្នា បើទោះជារឿងក្តីនេះជារឿងព្រហ្មទណ្ឌក៏ដោយ ក៏លោកបានខិតខំរិះរកកិច្ចសម្របសម្រួលជាមួយទាំង២ភាគី រួមទាំងភាគីតតីយជន(ជនទី៣) ដោយធ្វើយ៉ាងណាឲ្យពួកគាត់មានការយោគយល់គ្នា ដើម្បីឈានទៅមានដំណោះស្រាយមួយសមស្រប ដែលអាចទទួលយកបានទាំងអស់គ្នា ដោយមិនមានភាគីណាមួយបង្ហូរទឹកភ្នែកនោះឡើយ។
លោកព្រះរាជអាជ្ញា ក៏បានបញ្ចុះបញ្ចូលមេធាវីទាំងសងខាង និងភាគីវិវាទសុំឲ្យមានការយោគយល់គ្នា ដោយធ្វើការសម្បទានស្មើៗគ្នា ដែលនេះគឺជាមូលដ្ឋាន ដើម្បីឈានទៅរកការបញ្ចប់វិវាទប្រកបដោយភាពសុខដុមរមនា និងនាំមកនៅស្នាមញញឹមទាំងសងខាង ហើយនេះក៏ជាយុទ្ធសាស្ត្រឈ្នះឈ្នះដែលលោកព្រះរាជអាជ្ញា តែងតែយកមកអនុវត្តដោយទទួលបានជោគជ័យជាច្រើនរឿងកន្លងមកហើយផងដែរ។
ក្នុងសំណុំរឿងព្រហ្មទណ្ឌ លោកបានបញ្ជាក់បន្ថែមថា នៅពេលដែលភាគីវិវាទទាំងសងខាងស្រុះស្រួលគ្នា អ្នកដែលទទួលផល គឺប្រជាពលរដ្ឋក្នុងស្រុកទឹកផុសទាំងមូល ដែលទទួលផលព្រោះគាត់ទទួលបានផ្លូវប្រើប្រាស់ ចំណែកពួកយើងដែលនៅទីនេះទាំងអស់គ្នា ក៏បានបុណ្យស្មើៗគ្នាផងដែរ៕