(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា លើកឡើងថា វិទ្យាស្ថានជាតិសង្គមកិច្ចជាសេនាធិការ បាននិងកំពុងចូលរួមយ៉ាងសកម្មផងដែរក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការកសាងកម្លាំងសេវាសង្គម ក៏ដូចជាការចូលរួមពង្រឹងអភិបាលកិច្ច ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះ បានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់សម្រាប់កម្ពុជា។
លោកបានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិសង្គមកិច្ច រៀបចំឡើងនៅវិទ្យាស្ថានជាតិ សង្គមកិច្ច នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីសង្គមកិច្ច បានបន្ថែមថា ជាក់ស្តែងតាមរយៈរបាយការណ៍របស់វិទ្យាស្ថានជាតិសង្គមកិច្ច បានបង្ហាញពីការចូលរួមចំណែករបស់ វិទ្យាស្ថានក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក រៀបចំកសាងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ថែមទាំងបណ្តុះបណ្តាលពង្រឹង សមត្ថភាពមន្រ្តីសង្គមកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការបម្រើសេវាជូនជនរងគ្រោះ និងងាយរងគ្រោះ ក្នុងបរិបទ នៃការវិវត្តន៍ឥតឈប់ឈររបស់ពិភពលោក ពិសេស ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT) ការប្រែប្រួលអាកាសធាតុ និងបញ្ហាសង្រ្គាម ដែលកំពុងមាននិន្នាការរីកកាន់តែធំ និងពិបាកប៉ាន់ស្មានផលប៉ះពាល់ ដូចនេះទាមទារឱ្យយើងត្រូវចូលរួមចំណែកក្នុងការដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាព។
លោក ជា សុមេធី បានបន្តថា សម្រាប់វិទ្យាស្ថានជាតិសង្គមកិច្ច ក៏មានតួនាទីក្នុងការចូលរួមកិច្ចការឆ្លើយតបនេះដែរ ដោយត្រូវយកចិត្តទុកដាក់ជាចម្បងលើការលើកកម្ពស់គុណភាពក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងឱកាសនេះ រដ្ឋមន្រ្តី ជា សុមេធី ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់វិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងការពង្រឹង និងពង្រីកសមត្ថភាពនិងធនធានរបស់ខ្លួនដោយត្រូវ៖
១៖ ធ្វើទំនើបកម្មកម្មវិធីសិក្សាបន្ថែមទៀតតាមការចាំបាច់ ឱ្យសមស្របតាមការអភិវឌ្ឍវិស័យសង្គមកិច្ច និងពហុវិស័យផ្សេងៗទៀតនាពេលអនាគត ដូចជាការថែទាំមនុស្សចាស់ ការស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កិច្ចការពារកុមារ ជាដើម។
២៖ ពង្រីកវិសាលភាពបណ្ដុះបណ្ដាល លើកកម្ពស់គុណភាពនិងសមត្ថភាពរបស់និស្សិត បង្កើន ការផ្សព្វផ្សាយអំពីវិទ្យាស្ថានលើប្រព័ន្ធមេឌាឱ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកំណើនចំនួន និស្សិតប្រចាំឆ្នាំ និងប្រែក្លាយធនធានទាំងនេះឲ្យទៅជាអ្នកសង្គមកិច្ចអាជីព សម្រាប់តម្រូវការរបស់វិស័យសង្គមកិច្ច ទាំងក្នុងផ្នែកសាធារណៈ ទាំងផ្នែកឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។
៣៖ រៀបចំឱ្យមានការទទួលស្គាល់គុណវុឌ្ឍជាតិ ពង្រីកសកម្មភាពសិក្សាស្រាវជ្រាវបញ្ហាសង្គមឱ្យ ទូលំទូលាយបន្ថែមទៀត ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ជួយដល់ការរៀបចំ គោលនយោបាយសម្រាប់អភិវឌ្ឍវិស័យសង្គមកិច្ច ស្របតាមវឌ្ឍនភាពគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសកលលោក។
៤៖ ជំរុញឱ្យមានការស្នើសុំរៀបចំវគ្គបណ្តុះបណ្តាលគរុកោសល្យពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលស្គាល់និងផ្ដល់ឋានៈដល់លោកគ្រូ អ្នកគ្រូ ស្របតាមកម្រិតជាអ្នកបណ្ដុះបណ្ដាល នៅឧត្ដមសិក្សា ដូចគ្រឹះស្ថានសាធារណៈដទៃទៀត។
៥៖ សិក្សានិងរៀបចំបទដ្ឋានផ្លូវច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមខ្លួនប្រែក្លាយវិទ្យាស្ថានជាតិ សង្គមកិច្ច ឱ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនាពេលខាងមុខ និងពង្រីកឧត្ដមភាព បន្ថែមទៀត ក្នុងការបណ្ដុះបណ្ដាល កម្រិតក្រោយឧត្ដមសិក្សាផងដែរ ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីសង្គមកិច្ច ក៏បានស្នើគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងមន្រ្តីនៃវិទ្យាស្ថានជាតិសង្គមកិច្ច អង្គការដៃគូនានា សូមផ្តល់ការគាំទ្រ និងចូលរួមជាមួយ ឯកឧត្តម សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច ដែលទើបទទួលបានការតែងតាំងថ្មីនេះ ដោយរួបរួមសាមគ្គីជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីបន្តអភិវឌ្ឍន៍វិទ្យាស្ថានជាតិសង្គមកិច្ច អោយមានការរីកចម្រើន និងខិតខំបន្តអភិវឌ្ឍន៍កម្លាំងសេវាសង្គមសម្រាប់ក្រសួង សង្គមកិច្ចនិងមុខសញ្ញាសង្គមកិច្ចអោយកាន់តែប្រសើរឡើង៕