(ពោធិ៍សាត់)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិកា ចែកជូនដល់កងកម្លាំងចម្រុះ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវាលវែង និងក្រុមគ្រូពេទ្យចំនួន១៤០នាក់ ដែលបានសហការបំពេញការងារមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រយោធា Z9 និងអាកាសយានិក ចំនួន២រូប ដែលបានធ្លាក់ នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
បន្ទាប់ពីលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើសេចក្តីរាយកាណ៍ ជុំវិញប្រតិបត្តិការសហការរុករកឧទ្ធម្ភាគចក្រ ប្រភេទZ9 នោះរួចមក, អភិសន្តិបណ្ឌិត ស សុខា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះគណៈបញ្ជាការឯកភាពខេត្ត/ស្រុក ដែលបានប្រើប្រាស់កម្លាំងកាយចិត្ត ក្នុងការសហការចុះរុករកឧទ្ធម្ភាគចក្រ បើទោះបីភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងអាកាសធាតុមិនអំណោយផល ក៏កងកម្លាំងរបស់យើងបានពុះពារ និងបានទុកឱកាសដល់កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ធ្វើការរុករកបន្ត រហូតទទួលបានជោគជ័យ។
អភិសន្ត្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កម្លាំងទាំងអស់ មិនថាកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ ឬកម្លាំងគណៈបញ្ជាការឯកភាពខេត្ត/ស្រុកប៉ុណ្ណោះទេ គឺសុទ្ធសឹងជាកម្លាំងស្នូល ដែលពួកគេមានឆន្ទៈខ្ពស់ ក្នុងការសហការគ្នារុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងក្នុងអំឡុវពេលបើកហ្វឹកហ្វឺន។
អភិសន្តិបណ្ឌិត ស សុខា បន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ ដែលមានការកំណែទម្រង់ និងពង្រឹងរដ្ឋបាលកិច្ចជាស្នូល ដែលជាកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ ដែលបានចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៣ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងសភាពការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងប្រែប្រួលមិនអាចប៉ាន់ស្មានបាន និងហានិភ័យខ្ពស់។
អភិសន្តិបណ្ឌិត បានជំរុញលើកទឹកចិត្ត ដល់រដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយ គប្បីផ្តោតការយកចិត្តទុកដាក់ ពង្រឹងតួនាទីភារកិច្ច ក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ធ្វើយ៉ាងណាឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានោះ ស្នងការនគរបាលខេត្ត ក៏ត្រូវពង្រឹងបន្ថែមនូវវិន័យកងកម្លាំង និងធ្វើការបែងចែកតួនាទីភារកិច្ចស្នងការងរងឱ្យបានច្បាស់លាស់ បូករួមទាំងការតែងតាំង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាល ត្រូវបានធ្វើបច្ចុប្បន្នភាព និងពិនិត្យឱ្យបានជាក់ច្បាស់ផងដែរ។
គួរជម្រាបជូនថា ដោយមានបទបញ្ជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានការចង្អុលបង្ហាញពីក្រសួងការពារជាតិ អគ្គបញ្ជាការបញ្ជាការដ្ឋាន កងទ័ពជើងគោកនោះ, ចាប់ពីថ្ងៃទី១៣ ខែកក្កដា កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ និងដោយបានការចូលរួមពីកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវាលវែង ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានចុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ព្រៃភ្នំ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់រយៈពេល១៧ថ្ងៃ ទើបរុករកឃើញ នេះដោយសារកត្តាភូមិសាស្ត្រព្រៃស្តុក មានជ្រលងជ្រោះជ្រៅ និងកត្តាអាកាសធាតុមិនអំណោយផល។
ឧទ្ធម្ភាគចក្រ ត្រូវបានក្រុមរុករកប្រទះឃើញ នៅចង្កេះភ្នំយ៉ាវយ៉ៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ និងបានឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅនឹងកៅអីឧទ្ធម្ភាចក្រនោះ។ ដោយឡែកនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងរុករក ក៏បានប្រទះឃើញអាកាសយានិកម្នាក់ទៀតឈ្មោះ ស៊ុន ផល្លា បានស្លាប់បាត់បង់ជីវិត នៅចម្ងាយប្រមាណ២១០ម៉ែត្រ ពីចំណុចធ្លាក់ឧទ្ធម្ភាគចក្រ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាល ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រនេះដែរ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើង ចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕