(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញបើកកម្មវិធីអាហារូបករណ៍ អាស៊ានវ័យក្មេងលើកទី៣ ជាមួយលេខាធិការដ្ឋានអាស៊ាន។
កម្មវិធីដែលមានរយៈពេល៤សប្តាហ៍នេះ នឹងត្រូវបានអនុវត្តពីថ្ងៃទី ១ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានជំនួយពីប្រទេសព្រុយណេ និងជប៉ុន។ អ្នកចូលរួមក្នុងកម្មវធីនេះ នឹងទទួលបានបទពិសោធន៍ហ្វឹកហាត់ការងារ នៅលេខាធិការដ្ឋានអាស៊ាន ចូលរួមជាមួយសហគមន៍ការទូតនៅទីក្រុងហ្សាការតា ជួបជាមួយអង្គភាពនានាពាក់ព័ន្ធអាស៊ាន ព្រមទាំងចូលរួមក្នុងសកម្មភាពផ្សេងទៀតនៅក្នុងទីក្រុងហ្សាការតា។
នៅព្រឹកថ្ងៃសុក្រ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកជាផ្លូវការពិព័រណ៌ជំរុំវិចិត្រករអាស៊ាន-ឥណ្ឌា ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ានលោក Jayant N. Khobragade ព្រមទាំងសមាជិក និងតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ អាស៊ាន និងឥណ្ឌាអាចមើលឃើញវិចិត្រករដែលមានប្រវត្តិផ្សេងៗគ្នា តែមានបំណងប្រាថ្នារួម មកជួបជុំគ្នា៕