(ភ្នំពេញ)៖ តំបន់ហ្លួងព្រះបាង របស់ប្រទេសឡាវ កំពុងប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក បើធ្វើឲ្យប៉ះពាល់ជាសាកល ដែលមិនអនុលោមតាមសំណើយូណេស្កូ ពាក់ព័ន្ធនឹងសំណង់ក្នុងតំបន់នេះ។
នេះបើតាមលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
លោកបានឲ្យដឹងថា បានឲ្យដឹងថា ដោយសារប៉ះពាល់តម្លៃជាសាកលនោះ អង្គការយូណេស្កូ បានដកទីតាំងមួយចំនួន ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន តំបន់ទេសភាព Arabian Oryx Sanctuary ប្រទេសអូម៉ង់ ទីក្រុង Liverpool ប្រទេសអង់គ្លេស និងជ្រលងភ្នំ Dresden Elbe Valley ប្រទេសអាល្លឺម៉ង់។ បន្ថែមលើនេះ ព្រះវិហារ Bagrati Cathedral ប្រទេស Georgia ក៏ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក រួចហើយដែរ។
តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ការណ៍ពិត ការប្រជុំនៅញូវដេលី ដូចជា ហ្លួងព្រះបាង ក៏ត្រូវបាន WHC (គណៈកម្មការបេតិកភណ្ឌពិភពលោក) ២ឆ្នាំនេះ កំពុងតែតានដាន ដោយសារតែមានពាក់ព័ន្ធនឹងការប៉ះពាល់តម្លៃជាសាកល របស់ហ្លួងព្រះបាង។ អីចឹងគាត់បានលើកយករឿងនេះមកពិភាក្សា យូរដែរ។ ក៏មានប្រទេសមួយចំនួនទៀតដែរ ដែលគេយកមកពិភាក្សា អីចឹងមិនមែនមានន័យថា មានតែប្រទេសមួយទេ គឺមានប្រទេសផ្សេងៗ។ មានប្រទេសមួយចំនួន ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកដែរ មាននៅអូម៉ង់ អាល្លឺម៉ង់ និងក្រុងលីវើភូល ប្រទេសអង់គ្លេស»៕