(ភ្នំពេញ)៖ លោកស្រីទន្តបណ្ឌិត ឃាម ស្រីហ៊ុច ម្ចាស់អាជីវកម្មនៃមន្ទីរព្យាបាលធ្មេញសន្តិភាព ដែលផ្តល់សេវាកម្មព្យាបាលសុខភាពមាត់ធ្មេញប្រកបដោយគុណភាពខ្ពស់ស្តង់ដារ ISO 9001: 2015 ព្យាបាលដោយទន្តបណ្ឌិតឯកទេសជាតិ និងអន្តរជាតិជាមួយនឹងបច្ចេកវិទ្យានិងម៉ាស៊ីនទំនើបៗ ដោយទទួលបានការគាំទ្រពីអតិថិជនក្នុងនិងក្រៅស្រុក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានទទួលជ័យលាភីសហគ្រិនស្ត្រីឆ្នើមពានរង្វាន់អាស៊ានឆ្នាំ២០២៤។
ពិធីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ បានប្រារព្ធឡើង នាព្រឹកថ្ងៃទី១ ខែសីហា ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការទទួលបានជ័យលាភីសហគ្រិនស្ត្រីឆ្នើមពានរង្វាន់អាស៊ានឆ្នាំ២០២៤នេះ ដោយសារតែ លោកស្រីមានស្នាដៃឆ្នើម ក្នុងការដឹកនាំអាជីវកម្ម និងមានគំនិតច្នៃប្រឌិតខ្ពស់។
លោកស្រី ទន្តបណ្ឌិត ឃាម ស្រីហ៊ុច បានឱ្យដឹងថា លោកស្រីពិតជាមានមោទនភាពជាខ្លាំងដែលជាប់ជ័យលាភីសហគ្រិនស្ត្រីឆ្នើមពានរង្វាន់អាស៊ានឆ្នាំ២០២៤ និងមានកិត្តិយសក្រៃលែងដែលទទួលពានរង្វាន់ពី លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងវេទិកាសហគ្រិនកំពូល និងបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលមានសមាជិកអាស៊ាន១០ប្រទេសចូលរួម ក្រោមប្រធានបទ «ASEAN, We're One; Unity Emerges From Diversity» ដែលនេះជាទីមោទនៈសម្រាប់ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងប្រទេសកម្ពុជា ដោយមានការគាំទ្រពីរដ្ឋបាភិបាលកម្ពុជា និងក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការដែលទទួលបានឱកាសដ៍វិសេសវិសាលមួយនេះ ក៏ដោយសារតែលោកស្រី ជាសហគ្រិនស្រ្តីឆ្នើមមួយរូប ក្នុងចំណោមសហគ្រិនជ័យលាភីឆ្នើម២៣រូប ដែលត្រូវបានគណៈកម្មការវាយតម្លៃកម្រិតជាតិ និងអន្តរជាតិ ជ្រើសរើសចេញពីបេក្ខភាពសហគ្រិនស្រ្តីជាច្រើនមកពី វិស័យផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដោយផ្អែកទៅលើសមត្ថភាព សមិទ្ធផល និងបទពិសោធន៍ រួមទាំងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គមផ្សេងទៀត។
លើសពីនេះ ការដាក់ពាក្យចូលរួមប្រកួតប្រជែងនេះ ជាឱកាសដែលលោកស្រីបានជួបទំនាក់ទំនងរៀនសូត្រ ពង្រីកឱកាសវិនិយោគជាតិ និងអន្តរជាតិ បង្កើតសាមគ្គីភាព និងក្តីស្រលាញ់ ការតាំងបង្ហាញផលិតផល បង្កើតឱកាសផ្គូផ្គងអាជីវកម្មជាមួយសហគ្រិនស្ត្រីជាច្រើនទូទាំងប្រទេស ហើយថែមទាំងជួយជំរុញទឹកចិត្តលោកស្រី ឱ្យកាន់តែមានភាព អង់អាចក្លាហានក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជា សហគ្រិនស្ត្រីដ៏រឹងមាំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ជាពិសេសក៏បានចូលរួមជួយជម្រុញលើកទឹកចិត្តដល់សហគ្រិនស្ត្រីដទៃផ្សេងទៀតឱ្យចូលរួមក្នុងវិស័យអាជីវកម្មនិងជំនួញឱ្យកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃ វេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ (ASEAN WOMEN ENTREPRENEUR NETWORK &AWEN Award)។ វេទិកានេះ ជាឱកាសល្អមួយ សម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យកម្សាន្តនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្ររាជរដ្ឋាភិបាល ដែល ដឹកនាំដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រី នៅក្នុងវិស័យជំនួញនានា ដើម្បីការរីកចម្រើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកបដោយចេរភាព និងវឌ្ឍនភាព។
វេទិកាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពីសហគ្រិនកម្ពុជា និងសហគ្រិនមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានប្រមាណជាង៣០០នាក់៕