(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ សម្រាប់ពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ជាមួយនឹងការតៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីយ៉ាងម៉ត់ចត់បំផុត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀល និងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខណៈដែលការតំឡើងឆាកប្រគុំតន្ត្រី បាននិងកំពុងរៀបចំយ៉ាងញាប់ដៃញាប់ជើង។
នេះជាការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅរាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងប្រារព្វពិធី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ខណ្ឌចំការមន។
អង្គប្រជុំបានលើកឡើងថា សម្រាប់ការពារសន្តិសុខ សុវត្ថិភាពក្នុងពិធីនេះ កម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងកម្លាំងសហការ របស់នាយកដ្ឋានអង្គរក្សបានរៀបចំផែនការ យ៉ាងម៉ត់ចត់បំផុត ដោយបានត្រៀមបង្ការ ទប់ស្កាត់បាតុភាពផ្សេងៗ ដែលបង្កឡើងពីក្រុមជ្រុលនិយម បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ, ត្រៀមកម្លាំង និងរថយន្តសង្គ្រោះ ពេលមានបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះ អាជ្ញាធររាជធានីភ្នំពេញ បានបែងចែកកម្លាំង ដើម្បីគ្រប់គ្រងចំនួន២តំបន់ធំៗនោះ គឺតំបន់A និងតំបន់B សំដៅធ្វើយ៉ាងណាអោយពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នារសៀល និងរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដំណើរការទៅដោយរលូន បង្កបាននូវភាពសប្បាយរីករាយ និងជោគជ័យ។
គម្រោងព្រែកជីកហ្វូណន-តេជោ នឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះដែរ គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឲ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរ បែបនេះផងដែរ។
ជាគម្រោងដែលរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ នឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខ ចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។
លោក ឃួង ស្រេង កាលពីថ្ងៃទី៣១ ខែកក្កដា ធ្លាប់បានណែនាំឲ្យមានការចុះផ្តិតយករូបភាព និងផ្សព្វផ្សាយ នៃសកម្មភាពទូងស្គរ អបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា តាមទីតាំងផ្សេងៗ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ និងផុសផុល ព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រ លើកទី១ របស់កម្ពុជា៕