(តាកែវ)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពររយៈពេលធានាសុពល ភាពផ្លូវ និងស្ពាន នៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ផ្លូវ ស្ពានទាំងអស់នេះរួមមាន៖ ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ, ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ៣ ២០០ម៉ែត្រ នៅឃុំមហាសាំង និងឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, និងផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ ស្ថិតនៅក្នុងដីសម្បទានសង្គម កិច្ចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លើកឡើងនាឱកាសនោះលោកបណ្ឌិត នួន ដាញ៉ិល បានឱ្យដឹងថា ផ្លូវ ស្ពានទាំងនេះបាននឹងកំពុងចូលរួមចំណែកក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។ ដូច្នេះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា គឺមានគោលដៅជំរុញឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ។
លោកបណ្ឌិត នួន ដាញ៉ិល បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការបស់រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ បានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥០ ពាន់គីឡូម៉ែត្រ មានផ្លូវក្រាលកៅស៊ូពីរជាន់ ផ្លូវក្រាលបេតុង ផ្លូវល្បាយគ្រួស ផ្លូវក្រាលដីស រួមជាមួយសំណង់សិល្បការ្យគ្រប់ ប្រភេទ សរុបប្រវែងជាង ៤៨ ពាន់កន្លែងផងដែរ។ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទឱ្យកាន់តែប្រសើរ។
នាឱកាសនោះដែរលោកបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារគណៈកម្មាធិការអន្តរក្រសួង ក៏បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ ដោយលោក បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើនដោយម្នាក់ៗទទួលបានក្រម៉ា១។
ជាមួយគ្នានោះដែរលោកបណ្ឌិត នួន ដាញ៉ិល បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែទាំផ្លូវ និងស្ពាន និងសំណង់ សិល្បការ្យគ្របប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួន ដោយរក្សាឱ្យបានគង់វង់ ដើម្បីជាប្រយោជន៍សម្រាប់ការប្រើប្រាស់យូរអង្វែងផងដែរ៕