(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ, លោក សួស គង់ ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកភ្នំស្រួច និងក្រុមស្នូលទប់ស្កាត់ចរន្តជ្រុលនិយម បានទទួលសមាជិកថ្មីចំនួន១៨១រូប ស្ថិតក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសមាជិកសមាជិកាថ្មី១៨១រូប ក្នុងស្រុកភ្នំស្រួចដែលបានស្ម័គ្រចិត្ត ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងបានចាត់ទុកសមាជិកសមាជិកាថ្មីទាំង១៨១រូបនេះ ជាប្រភពកម្លាំងដ៏ធំធេងដែលធ្វើឱ្យគណបក្ស កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។
ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន១៨១រូប នៃគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ទុកការចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនទាំង១៨១រូប ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះបច្ចុប្បន្នមិនមានគណបក្សនយោបាយណាមួយ មានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ មានបទពិសោធន៍ទូលំទូលាយ និងមានភាពចាស់ទុំផ្នែកនយោបាយ ហើយតែងតែដោះស្រាយរាល់ទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋ ដោយមិនមានពេលណាមួយ ទុកប្រជាពលរដ្ឋចោលនោះឡើយ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានគណបក្សតែងតែនៅក្បែរប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ និងគ្រប់ការលំបាក។