(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៣+៤ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន៥២រូប មកពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បណ្តាក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងតាមបណ្តាខណ្ឌ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិអធិការកិច្ច។
ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមធ្វើឡើងនារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។
លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់សិក្ខាកាមដែលបានបញ្ចប់វគ្គអធិការកិច្ចបឋមទាំង៥២រូប ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះរបស់មន្រ្តីអធិការកិច្ច ដែលជាលក្ខណសម្បត្តិនៃវិជ្ជាជីវៈ ត្រូវមាន៖ សុចរិតភាព ភាពមិនលំអៀង សមត្ថភាពវិជ្ជាជីវៈ ជៀសវាងទំនាស់ផលប្រយោជន៍ មានក្រមសីលធម៌ ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ និងជាពិសេសត្រូវគោរពអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងទិសស្លោក «គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ»៕