(បាត់ដំបង)៖ លោកវេបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងក្រុមការងារ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម និងជម្ងឺ ZIKA ព្រមទាំងចុះអប់រំ ផ្សព្វផ្សាយ ពីបញ្ហានេះជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាមន្ទីរពេទ្យ ស្រុកប្រតិបត្តិ ក្រុង/ស្រុក និងតាមច្រកទ្វារព្រំដែន កម្ពុជា-ថៃ មានច្រកដូង ច្រកអូររំដួលច្រកភ្នំដី ចាប់ពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០១៦។
លោកវេបណ្ឌិត វឿង ប៊ុនរេត បានឲ្យដឹងថា ដើម្បីអនុវត្តការងារ ជាបន្ទាន់ក្រុមការងារជំនាញបន្ទាន់ RRT និងក្រុមការងារផ្នែកប្រយុទ្ធនឹង ជម្ងឺគ្រុនឈាម ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ និងលោកវេជ្ជបណ្ឌិត ចាន់ ដាវឹង ប្រធានការិយាល័យបច្ចេកទេសមន្ទីរ បានដឹកនាំក្រមការងារបើកយុទ្ធនាការបាញ់ថ្នាំមូស ដើម្បីការពារជម្ងឺគ្រុនឈាម និងជម្ងឺ ZIKA ព្រមទាំងចុះអប់រំផ្សព្វផ្សាយ ពីបញ្ហានេះជូនដល់ប្រជាពលរដ្ឋ នៅតាមបណ្តាមន្ទីរពេទ្យ ស្រុកប្រតិបត្តិ ក្រុង/ស្រុក និងតាមច្រកទ្វារព្រំដែនមានច្រកដូង ច្រកអូររំដួល ច្រកភ្នំដី ពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០១៦ និងបន្តធ្វើនៅតាមសាលារៀន ឬកន្លែងផ្សេងៗទៀត។
លោកប្រធានមន្ទីរបានបន្តថា ការអប់រំផ្សព្វផ្សាយបានចាប់ផ្តើមបីសប្តាហ៍កន្លងមកហើយ ក្នុងនោះក្រុមការងារ បានធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចេះប្រើវិធីការពារ កុំឱ្យមូសខាំ ដោយសម្រាកក្នុងមុងជានិច្ច ត្រូវសម្អាតលំនៅដ្ឋាន កុំឱ្យមានទឹកដក់ និងមានអនាម័យខ្ពស់ ដោយគោរពតាមទិសស្លោក «ហូបស្អាត ផឹកស្អាត រស់នៅស្អាត»។ លោកប្រធានបានសង្កត់ធ្ងន់ថា មូសខ្លាជាប្រភពចម្លងជម្ងឺគ្រុនឈាម គ្រុនឈិក និងជំងឺZIKA ដែលបាននិងកំពុងកើតមានឡើងនៅតាមបណ្តាប្រទេសជិតខាងហើយសម្រាប់កម្ពុជាចំពោះជំងឺ ZIKA ពុំទាន់កើតមានឡើងនៅឡើយទេ។
ដោយឡែក ជម្ងឺគ្រុនឈាម ក្នុងអំឡុង៩ខែ ឆ្នាំ២០១៦ នេះមានចំនួន១៤២ ករណី គឺមានការថយចុះបើប្រៀបធៀបទៅនឹង ៩ខែឆ្នាំ២០១៥ដែលមាន២៥៩ករណី និងពុំមានករណីស្លាប់នោះទេ។ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះអនាម័យ និងកម្ចាត់ជម្រកមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាល់បែតក្នុងពាងទឹក ចាក់បំពេញដីនៅកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូ ឡាន ចាស់ៗ និងសំបកកំប៉ុង សំបកដូង និងសម្ភារផ្សេងៗ ដែលដក់ទឹកបង្កឲ្យមូសពង និងញាស់កូនទាំងអស់នោះយកទៅដុត ឬកប់ចោល។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋគ្រប់រូបត្រូវ ដេកក្នុងមុង ត្រូវស្លៀកពាក់ខោអាវឲ្យក្មេងៗឱ្យបានជិតល្អ ជៀសវាងមូលខ្លាខាំដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺZIKA ដែលពិភពលោកកំពុងខិតខំទប់ស្កាត់ និងព្រួយបារម្មណ៍យ៉ាងខ្លាំងបំផុត។ គួរឱ្យកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០១៦នេះ មន្ទីរសុខាភិបាលខេត្ត បានការគាំទ្រពីមន្ទីរពេទ្យ Handa Emergency យុវជនកាកបាទក្រហមសាខាខេត្តបាត់ដំបង បានចុះដាក់ថ្នាំអាល់បែត ជូនដល់ប្រជាពលរដ្ឋ អស់ចំនួន៦តោនផងដែរ៕