(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកសម្ពោធដាក់ឱ្យដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
គម្រោង«ព្រែកជីកហ្វូណនតេជោ» ជាគម្រោងប្រវត្តិសាស្ត្រ ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេមេគង្គទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ហើយគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។ គម្រោងនេះផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយអនុវត្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលកម្ពុជាបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
សូមទស្សនាកិច្ចសម្ភាសរបស់ កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ជាមួយប្រជាពលរដ្ឋ សិស្ស-និស្សិត និងបញ្ញវន្តខ្មែរ ទាក់ទងនឹងចំណាប់អារម្មណ៍ចំពោះការបើកសម្ពោធនូវការដ្ឋានសាងសង់ព្រែកហ្វូណនតេជោដូចតទៅ៖