(កំពត)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាពិនិត្យ និងសម្រាកព្យាបាលជំងឺ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្តកំពត។
ដំណើរអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមូលដ្ឋានសុខាភិបាលនៅក្នុងខេត្ដកំពត បានធ្វើឡើងបន្ទាប់ពីបានបញ្ចប់បេសកកម្ម ចុះទៅពិនិត្យការបម្រើសេវាសុខាភិបាល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ដកែប។
ក្នុងឱកាសចុះសួរសុខទុក្ខអ្នកជំងឺ លោកសាស្ត្រាចារ្យក៏បានពិនិត្យពីស្ថានភាពអ្នកជំងឺដោយផ្ទាល់ និងបានណែនាំបន្ថែមទៅដល់ក្រុមគ្រូពេទ្យពីរបៀបថែទាំ តាមដានស្ថានភាពជំងឺ និងការព្យាបាលអ្នកជំងឺ ដោយប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់ ពីមណ្ឌលសុខភាពត្រពាំងសង្កែ ទៅកាន់មណ្ឌលសុខភាពកំពង់កណ្ដាល និងមន្ទីរសុខាភិបាលខេត្ដកំពត។ បន្ទាប់មកលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដដំណើរ ទៅសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលខេត្ដកំពត។
ក្នុងកិច្ចសំណេះសំណាលនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលទាំងអស់ រួមទាំងអាជ្ញាមូលដ្ឋានផងដែរ ដែលបានចូលរួមចំណែកឱ្យការបម្រើសេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅទៅមួយ មិនថានៅពេលនេះទេ ជាពិសេសកំលុងកូវីដ១៩កន្លងទៅ គឺមន្ដ្រីសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ដែលប្រមុខដឹកនាំប្រទេស និងប្រជាពលរដ្ឋ ប្រសិទ្ធនាមគ្រូពេទ្យថា «ជាកងទ័ពអាវស»។
ដូច្នេះក្នុងឱកាសនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានជំរុញលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលទូទាំងប្រទេស បន្ដរក្សាកិត្ដិនាមនេះជារៀងរហូតទៅ ពិសេសបន្ដអភិវឌ្ឍសមត្ថភាព ចំណេះជំនាញ និងកែលំអរចំណុចខ្វះខាតដែលមាន ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់។
សូមជម្រាបថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នៅថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសុខាភិបាល ចុះស្វែងយល់ពីការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឹះ ក្នុងការពង្រឹងគុណភាពសេវាដល់មន្ត្រីក្រោមឱវាទ ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តតាកែវ កែប និងខេត្តកំពត៕