(សៀមរាប)៖ គណៈប្រតិភូនៃកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងប្រទេសកម្ពុជា ឡាវ និងថៃ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក វីឡាយវ៉ាន់ ប៊ូតដាខាំ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងលោក អ៊ីកកាវិច វ៉ាចវ៉ាកុ ស្នងការគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ បានចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងារផ្តល់សេវាសាធារណៈ នៅអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប និងការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដើមី្បទទួលបាននូវបទពិសោធន៍ល្អៗ ពីការផ្តល់សេវាសាធារណៈនៅក្រោមថ្នាក់ជាតិ។

ក្នុងកិច្ចស្វាគមន៍លោក លី សារី អភិបាលរងខេត្តសៀមរាប បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ច និងសិក្សាស្វែងយល់ពីស្ថានភាពទូទៅ ការអភិវឌ្ឍរដ្ឋបាលមូលដ្ឋាន និងការអភិវឌ្ឍរដ្ឋបាលសាធារណៈខេត្តសៀមរាប នៅក្នុងឱកាសកិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ ដ៏មានសារៈសំខាន់នាពេលនេះ។ លោកបន្តថា​សក្តានុពលរបស់ខេត្ត លើវិស័យទេសចរណ៍ និងកសិកម្ម ហើយដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិ មានប្រាង្គប្រាសាទល្បីល្បាញ ដែលបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។

លោក លី សារី បានបន្តថា កិច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣នេះ គឺកើតចេញពីចក្ខុវិស័យដ៏វែងឆ្ងាយ និងការឯកភាពគ្នាជាឯកច្ឆ័ន្ទពីថ្នាក់ដឹកនាំកំពូលរបស់ស្ថាបនទាំងបីក្នុងការបង្កើតឱ្យមានកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះឡើង និងក៏ជាវេទិកាដ៏ល្អមួយក្នុងការផ្តល់ឱកាសឲ្យភាគីនីមួយៗ បានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធន៍ ការងារនិងយុទ្ធសាស្រ្តក្នុងនាមជាប្រជាជាតិភូមិផងរបងជាមួយគ្នា។

លោកបញ្ជាក់ថា តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌបានផ្តល់នូវក្របខ័ណ្ឌគតិយុត្តខេត្តសៀមរាប ជានីតិបុគ្គលសាធារណៈគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដោយបង្កើតជម្រុញ និងធ្វើឲ្យមានចិរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាល សាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

លោក អ៊ីកកាវិច វ៉ាចវ៉ាកុ បានមានចំណាប់អារម្មណ៍ទៅលើការបង្កើតឲ្យមានអង្គភាពច្រក ចេញចូលតែមួយនៅខេត្តសៀមរាប ក្នុងការបម្រើសេវាសាធារណៈនេះ។ លោកបន្តថា ក្នុងដំណើរទស្សនកិច្ចសិក្សា ស្វែងយល់ ពិនិត្យលើការផ្តល់សេវាសាធារណៈ នៅលើទឹកដីអង្គរ ប្រកបដោយសេចក្តីសុខសន្តិភាព ការបម្រើសេវាសាធារណៈនេះ នាំមកនូវប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងកាត់បន្ថយនូវអំពើពុករលួយបានយ៉ាងមានប្រសិទ្ធភាពផងដែរ៕