(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ទៅធ្វើទស្សនកិច្ចផ្លូវការ នៅគណៈមេធាវីនៃប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក PRASHANT KUMAR ប្រធានគណៈមេធាវីនៃប្រទេសឥណ្ឌា។
ទស្សនកិច្ចផ្លូវការនៅគណៈមេធាវីនៃប្រទេសឥណ្ឌាធ្វើឡើង ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នគណៈមេធាវីទាំងពីរ ជាពិសេសពិភាក្សាលើប្រធានសំខាន់ៗផ្សេងៗដូចជា៖ «ការអនុវត្តច្បាប់ទាក់ទងនឹងស្ត្រី និងកុមារនៅឥណ្ឌា និងកម្ពុជា» និង «ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងឥណ្ឌា»។
ក្នុងកំឡុងទស្សនកិច្ចផ្លូវការនេះ លោកប្រធាន នឹងដឹកនាំប្រតិភូគណៈមេធាវីធ្វើទស្សនកិច្ចនៅស្ថាប័នតុលាការសំខាន់ៗដូចជា តុលាការកំពូលនៃប្រទេសឥណ្ឌា តុលាការជាន់ខ្ពស់នៃរដ្ឋធានីដេលី និងទស្សនាប្រាសាទ Taj Mahal ។ ជាងនេះទៅទៀត ស្ថាប័នគណៈមេធាវីទាំងពីរ នឹងមានការប្រកួតវាយសីមិត្តភាព ដែលនឹងមានការចូលរួមពីប្រតិភូគណៈមេធាវីនៃស្ថាប័នទាំងពីរ៕