(ភ្នំពេញ)៖ លោកស្រី ផាណា វ៉ឺនីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ស៊ូផាផាត ហ៊ីបឱសថ ប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំគម្រោងផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀន, ពិធីនេះក៏មានាការចូលរួមពីឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ឱ្យដឹង ក្រោយជំនួបនោះថា លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនប្រចាំស្ថានទូតថៃ នៅកម្ពុជា បានជម្រាបជូនពីដំណើរការគម្រោងសាលារៀនស គ្មានគ្រឿងញៀននៅដែលបាននិងកំពុងអនុវត្តនៅប្រទេសឡាវ ។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានលើកពីគំនិតផ្តួចផ្តើមគម្រោងសាលារៀនស គ្មានគ្រឿងញៀន និងបានជម្រាបជូនពីស្ថានភាពគ្រឿងញៀនដែលគ្មានសញ្ញាថមថយទាំងក្នុងអនុតំបន់ តំបន់ និងពិភពលោក និងឆន្ទះដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងការឆ្លើយតបរបស់លោកសន្តិបណ្ឌិត នេត សាវឿន ដើម្បីធ្វើឱ្យបានសម្រេចនៅឆន្ទះប្រមុខរាជរដ្ឋាភិបាលកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ពិសេសការបង្កើត App Nodrug ដើម្បីធ្វើឱ្យទំនើប ទាន់សម័យ និងមានប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រី ផាណា វ៉ឺនីដា បានសាទរ និងផ្តល់ការគាំទ្រនូវគំនិតផ្តួចផ្តើមគម្រោងនេះហើយបានណែនាំឱ្យរៀបចំនៅគម្រោងនេះឱ្យបានឆាប់រហ័សដើម្បីដាក់ចូលក្នុងរបៀបវារ: នៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃកិច្ចសហការអនុវត្តការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ TICA ដែលគ្រោងរៀបចំនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕