(ភ្នំពេញ)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលមានសមាជិកអចិន្ត្រៃយ៍ចំនួន២១ប្រទេស និងមានសមាជិកចំនួន១៩៦ប្រទេស បានទទួលយករបាយណ៍បច្ចេកទេសស្តីពីការអភិរក្សនិងអភិវឌ្ឍយូរអង្វែងនៅរមណីយដ្ឋានអង្គរដែលក្នុងនោះរួមមានទាំងការរៀបចំនគរូបនីយកម្មនៅរមណីយដ្ឋានអង្គរ និងទីក្រុងរុនតាឯកតេជោសែន ។
លោកថ្លែងបែបនេះ ក្នុងសន្នីសីទសារព័ត៌មាន ស្ដីពី «លទ្ធផលលើកទី៤៦ របស់គណៈកម្មាការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា» នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក ហង់ ពៅ បានសង្កត់ធ្ងន់ថា «គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គាត់យល់ច្បាស់ពីបញ្ហារបស់យើង។ គាត់យល់ច្បាស់ថា យើងបានឆ្លើយតបនឹងអ្វីដែលជាការស្នើសុំជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ អីចឹង រដ្ឋាភិបាលយើងធ្វើ ដោយគោរពទៅតាមលំអាន អ្វីដែលជាគតិយុត្តទាំងអស់ ដើម្បីបង្ហាញថា យើងមិនត្រឹមតែជាបេតិកភណ្ឌដែលធំជាងគេលើពិភពលោកប៉ុណ្ណឹងទេ ក៏ប៉ុន្តែយើងចង់បង្ហាញថា កម្ពុជាគោរពអ្វីដែលជាច្បាប់ទម្លាប់អន្តរជាតិ»។
ប៉ុន្តែ នាពេលថ្មីៗនេះ ទូរទស្សន៍ក្រៅស្រុកបានផ្សាយឯកសារមួយក្នុងពេលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ប្រជុំនៅប្រទេសឥណ្ឌា ដោយបានអះអាងថា មានការបណ្តេញចេញដោយបង្ខំ។ ពួកគេបានប្រើប្រាស់រូបភាពចាស់ និងខ្លឹមសារមួយជ្រុងតូចទៅនិយាយខុសពីការពិត។
អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងបន្តថា ការប្រើពាក្យបណ្តេញចេញ គឺជាពាក្យហួសហេតុពេកហើយ ព្រោះរាជរដ្ឋាភិបាល មិនបានបណ្តេញប្រជាជនចេញឡើយ តែផ្ទុយទៅវិញរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីសុខុមាលភាពរបស់ប្រជាជន ដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ។
សូមជម្រាបថា ដើម្បីរក្សាតម្លៃជាសកលនៃតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នោះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំជូនប្រជាពលរដ្ឋដែលរស់នៅមិនសមរម្យក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយផ្តល់ដីនៅ ទីក្រុងរុនតាឯកតេជោសែន និងតំបន់ពាក់ស្នែង នៅឆ្នាំ២០២២។ ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងកាត់បន្ថយការ លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយនិងចាក់បំពេញ ដីលំ នៅ ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ រៀប ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន ដូចជា ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត បណ្តាញ លូ រំដោះទឹក បណ្តាញអគ្គិសនី បណ្តាញ ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ។ ក្រៅពីនោះ ដើម្បីទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់បណ្ណ ក្រី ក្រ កម្រិត១ ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទី តាំង ខាងលើនេះ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបន្តថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានក្រុមការងារបច្ចេកទេសជំនាញច្បាស់លាស់ ក្នុងការពិនិត្យវាយតម្លៃលើការអនុវត្ត និងចាត់ចែងលើតំបន់បេតិកភណ្ឌនានា ដែលករណីខ្លះក៏មានការដកចេញពីបញ្ជីផងដែរ។ ករណីអង្គរ គឺឧទាហរណ៍ ដែលជាបេតិកភណ្ឌធំជាងគេ មានប្រជាជនរស់នៅច្រើនជាងគេ ព្រមទាំងជាគំរូ។ អង្គរជាបេតិកភណ្ឌមានជីវិត ព្រោះមានប្រជាពលរដ្ឋរស់នៅ និងបានថែរក្សាជំនឿ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកជាមួយនឹងប្រាសាទ។
គួររម្លឹកដែរថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ គឺជាយន្តការដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យតាមដានការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌ របស់ប្រទេសសមាជិក និងដើម្បីធ្វើការពិនិត្យវាយតម្លៃលើសំណើរបស់ ប្រទេសនានាដែលបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗផងដែរ៕
ដើម្បីទទួលបានព័ត៌មានលម្អិតសូមចុចលើតំណរភ្ជាប់នៃសន្និសីទសារព័ត៌មាន៖ https://fb.watch/tGIRdaQGaZ/