(តាកែវ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង​ អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត​ ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែប្រវែង ៩ ១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

សូមជម្រាបជូនផងដែរថា​ គម្រោងមួយខ្សែនេះ​ដែលមានប្រវែងជាង៩គីឡូម៉ែត្រ បានត្រូវដាក់ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលអនុវត្តដោយក្រសួងចំនួន ៣ រួមគ្នាគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ដែលបាននិងកំពុងធ្វើការកែលម្អផ្លូវជនបទនៅក្នុងសហគមន៍កសិកម្មចំនួន ៤១កន្លែង ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទមានភារកិច្ចស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង​ ហើយនឹងត្រូវចាប់ផ្តេីមស្ថាបនានាចុងឆ្នាំ​ ២០២៤នេះ៕