(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបង រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១០នៃក្រុងបាត់ដំបង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ខេត្ត ក្រុង កងកម្លាំង ចៅសង្កាត់

ទាំង១០ យុវជនជាច្រើននាក់។

បន្ទាប់ពីលោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបងឡើងអានសេចក្តីសម្រេចនៃក្រុមក្រុមការងាររួចមក លោក សុខ លូ បានឱ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងសង្កាត់ ត្រូវសហការគ្នា ធ្វើការជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវនិងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឱ្យមាន ប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមគោលនយោ អាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ សំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះលោក សុខ លូ ក៏សូមឲ្យក្រុមការងារទាំង១០សង្កាត់ នៃក្រុងបាត់ដំបងចុះធ្វើវេទិកាសាធារណ:ជាមួយប្រជាពលរដ្ឋនៅតាមសង្កាត់នានា ដើម្បីប្រមូលព័ត៌មាន និង សំណូមពររបស់ប្រជាពលរដ្ឋជូនថ្នាក់លើ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់។ ក្នុងនោះមានក្មេងទំនើង គ្រឿងញៀន ផ្ទះលិចទឹកទេ ជាឆ្លើយតប ក្រុមការងារនាំសំណូមពរ ពលរដ្ឋយកមកធ្វើការដោះស្រាយ។

លោកបានបញ្ជាក់ថា ក្រុងបាត់ដំបងបានទទួលបានអាងប្រព្រឹតិ្តកម្មទឹកកខ្វក់ចំនួន២ គឺនៅខាងកើតស្ទឹងមាន១ ហើយរួចរាល់ចុងឆ្នាំ២០២៥ និងមួយទៀតនៅខាងលិចស្ទឹង ដែលមានទីតាំងនៅភូមិអូរតាគី ស្រុកថ្មគោល ដោយសាសង់រួចរាល់នៅចុងឆ្នាំ២០២៤ខាងមុខនេះ។ អាងប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ សម្រាប់ចម្រោះទឹកដែលចេញពី បង្គន់ ប្រព័ន្ធលូទឹកស្អុយ មកជាទឹកស្អាតវិញ អាចប្រើ
ប្រាស់បានក្នុងការស្រោចស្រពស្រែ ចំការ យើងបាន។

លោកអភិបាលខេត្តបានបន្តថា នារដូវវស្សានេះ គឺមានជំនន់ទឹកភ្លៀងថ្មីៗនេះធ្វើឲ្យទឹកស្ទឹងសង្កែកើនឡើងនិងមានការព្រួយបារម្មណ៍ តែសំណាងល្អទឹកស្ទឹងនោះក៏បានស្រកទៅវិញ ផលប៉ះពាល់
មានតិចតួចបំផុតមិនមានអ្វីធំដុំនោះទេ។

លោកបានថ្លែងប្រាប់ឲ្យថា ផ្លូវនៅក្នុងក្រុងបាត់ដំបងមានដល់១៧៦ខ្សែ ពិសេសនៅក្នុងសង្កាត់ស្វាយប៉ោ ផ្លូវខូចខាតមានដល់ ៧៦ខ្សែ ហើយមន្ទីរជំនាញបាននិងកំពុងធ្វើជាប្រចាំ តែកម្លាំងជំនាញមិនអា
ចធ្វើឲ្យបានទាន់ចិត្តបងប្អូនបានឡើយ។ ម្យាងទៀតផ្លូវខ្លះមានការពាក់ព័ន្ធនិងកិច្ចសន្យាជាមួយគម្រោងADB មន្ទីរជំនាញមិនអាចប៉ះពាល់បានឡើយ មួយវិញទៀត ពាក់ព័ន្ធនិងបច្ចេកទេសជីកដីដើម្បី
ដាក់ប្រព័ន្ធលូក្រោមដី រំដោះទឹកកក្វក់កុំឲ្យស្ទះទឹកលិចផ្លូវ នៅក្នុងទីក្រុងយើងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានរំលឹកជាថ្មីម្តងទៀតថា ក្រុងបាត់ដំបង បាននិងកំពុងតែអនុវត្តជាបណ្តើរៗហើយ គឺយុទ្ធនាការ ផ្ទះ១ខ្នង ដាំដើមឈើ១ដើម យុទ្ធនាការនេះគឺយើងត្រូវ
បានអនុវត្តដាំដើមឈើនេះរហូតតទៅដោយចាប់ផ្តើមពីទីក្រុងមុន ឈានដល់ទីប្រជុំជននៅបណ្តាស្រុកនានា នៃខេត្តបាត់ដំបងយើង ក្លាយជាតំបន់នៃទីក្រុងបៃតង នាពេលអនាគតសម្រាប់ឲ្យយុវ
ជនជំនាន់ក្រោយថែរក្សាបន្ត។ ទីក្រុងយើងដែលត្រូវបន្តធ្វើ គឺមានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងជិះកង់ ជាដើម៕