(ភ្នំពេញ)៖ ទន្ទឹមនឹងព័ត៌មានដ៏រីករាយរបស់ឪពុកម្តាយ អាណាព្យាបាល និងសិស្សជាង៥ម៉ឺននាក់ ដែលទើបប្រឡង ជាប់បាក់ឌុបនៅឆ្នាំនេះ សាកលវិទ្យាល័យធំពីរបានលេចឈ្មោះខ្លាំងជាងគេនៅកម្ពុជា សម្រាប់ឆ្នាំ២០១៦ គឺសាកលវិទ្យាល័យហ្សាមែន (Zaman) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
សាកលវិទ្យាល័យ Zaman ដែលបានបើកច្រើនឆ្នាំមកហើយ ហើយបានកសាងកេរ្ត៍ឈ្មោះគួរសមក្នុង សង្គមកម្ពុជាលើគុណភាពអប់រំ ប៉ុនែ្តគួរឲ្យសោកស្តាយចំពោះការបែកធ្លាយនូវរឿងអាស្រូវដ៏ធំមួយ មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា នោះគឺរដ្ឋាភិបាលទួកគី បានស្នើហើយស្នើទៀតដល់រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ ក្រសួងការបរទេស និងប៉ុន្មានថៃ្ងមុន តាមរយៈឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ដោយបញ្ជាក់ថារដ្ឋាភិបាលទួកគី កំពុងរៀបចំឯកសារ និងភស្តុតាងមួយចំនួន ដើម្បីបង្ហាញប្រាប់រដ្ឋាភិបាលកម្ពុជាថា សាលាហ្សាមែន មានការពាក់ព័ន្ធទៅនឹងរដ្ឋប្រហារនៅប្រទេសតួកគីកាលពីខែកក្កដា ហើយទទូចឲ្យកម្ពុជាបិទ សាលាហ្សាមែន នៅកម្ពុជា។
រហូតមកទល់ពេលនេះ គ្មាននរណាម្នាក់អាចបញ្ជាក់ ឬធានាអះអាងថា ជោគវាសនារបស់សាលា Zaman នឹងទៅជាយ៉ាងណាឡើយ បើទោះបីជាសាលាហ្សាមែន បានចេញសេចក្តីប្រកាសម្តងហើយម្តងទៀតថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារ នៅប្រទេសតួកគី កាលពីខែកក្កដានោះឡើយ។
ដោយឡែក ក្នុងឆ្នាំ២០១៦ នេះដែរ សាកលវិទ្យាល័យដែលលេចធ្លោខ្លាំងជាងគេ គឺ AUPP បន្ទាប់ពីសាកលវិទ្យាល័យមួយនេះ បានចុះហត្ថលេខាដល់ទៅពីរ ក្នុងកិច្ចសហការជាមួយ សាកលវិទ្យាល័យ អារីហ្សូណា (University of Arizona) ជាសាកលវិទ្យាល័យដ៏ល្បី និង សាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) នៅសហរដ្ឋអាមេរិក ដើម្បីផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)។
សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យ University of Arizona ឬសាកលវិទ្យាល័យ Fort Hays State University បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគ ជ័យនៅ AUPP។
ក្រៅពីសាកលវិទ្យាល័យជាច្រើននៅកម្ពុជា កំពុងពង្រឹងគុណភាពអប់រំរៀងៗខ្លួន AUPP បានកំពុងក្លាយជា មោទនភាពរបស់ជាតិខែ្មរមួយ ដោយសារតែសាកលវិទ្យាល័យមួយនេះ បានផ្តល់នូវគុណភាពអប់រំស្មើនឹង នៅសហរដ្ឋអាមេរិក ហើយបានជួយកាត់បន្ថយការធ្វើចំណាកស្រុក របស់និស្សិតខែ្មរយ៉ាងច្រើនដែលសែ្វង រកសាកលវិទ្យាល័យនៅក្រៅប្រទេស៕