(សៀមរាប)៖ បន្ទាប់ពីច្ចប្រជុំក្រុមការងារត្រីភាគីលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ និងស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានដឹកនាំគណៈប្រតិភូដែលដឹកនាំលោក Vilayvanh Boutdakham អនុប្រធាននៃ អាជ្ញាធរអធិការកិច្ចរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានគណៈប្រតិភូ SIA និងលោក Eakawit Wajjwalku ស្នងការ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណៈប្រតិភូ NACC ចុះទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តរាជបូណ៌ក្នុងក្រុងសៀមរាប ដើម្បីស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក អន គុណរ័ត្ន នាយកសាលាបឋមសិក្សាវត្តរាជបូណ៌ បានលើកឡើងថា សាលាបឋមសិក្សាវត្តរាជបូណ៌ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៥៧ ដោយព្រះតេជគុណ ហ៊ីង ម៉ៅ។ បច្ចុប្បន្ននេះ ក៏មានអគារសិក្សាចំនួន១៥ខ្នង ក្នុងចំណោមអគារចំនួន១៥ខ្នងនេះ មានអគារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ១ខ្នង និងអគារផ្សេងៗទៀតកសាងឡើងដោយមានការសហការជាមួយប្រជាពលរដ្ឋ និងសប្បុរសជន។ ហើយបច្ចុប្បន្ននេះ មានលោកគ្រូ អ្នកគ្រូចំនួន១២៩នាក់ ស្រី៩៩នាក់ និងសិស្សានុសិស្សចំនួន៥៦៣៨នាក់។
លោកបានបន្តថា សិស្សានុសិស្សទាំងអស់ត្រូវបានទទួលនូវការអប់រំ សុភាវធម៌ ដើម្បីក្លាយទៅជាមនុស្សសកល ដែលមានលក្ខណសម្បត្តិ៥យ៉ាងគឺ៖ ស្អាត, របៀប, សុភាព, ទៀងពេល និងសមាធិជាដើម។
តំណាងអង្គភាពប្រឆាំងអំពើពុករលួយឡាវ លោក Vilayvanh Boutdakham បានថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ដែលបានរៀបចំនូវមេរៀនសម្រាប់ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ។ ហើយថ្ងៃនេះណៈប្រតិភូបានមកទស្សនកិច្ចដោយផ្ទាល់នៅសាលាបឋមសិក្សាវត្តរាជបូណ៌។ លោកក៏សូមអរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីសកម្មភាពសិក្សា និងការអភិវឌ្ឍន៍របស់សាលានាពេលកន្លងមក។
លោក Vilayvanh Boutdakham មានសេចក្តីរីករាយជាខ្លាំងចំពោះរាជរដ្ឋាភិបាល ដែលបានដាក់គោលនយោបាយ នៅតាមសាលាឲ្យមានប្រសិទ្ធិភាព ជាពិសេស បានបញ្ចូលកម្មវិធីសិក្សា ផ្នែកប្រឆាំងអំពើពុករលួយ នៅក្នុងសាលា ដើម្បីឲ្យសិស្សនុសិស្សបានយល់ដឹងពីការប្រឆាំងអំពើពុករលួយកាន់តែច្រើន។ លើសពីនេះទៅទៀត បានបង្ហាញពីការបង្រៀន ការរៀន ការសាមគ្គីគ្នា និងការអនុវត្តការងារបស់ខ្លួនប្រកបដោយយកចិត្តទុកដាក់។
លោកបន្តថា តាមរយៈការធ្វើបទបង្ហាញបានឲ្យសិស្សបានដឹងខ្ពស់ ដែលធ្វើឲ្យសិស្សមានចំណេះដឹង និងវិន័យ មានគុណសម្បត្តិ សិលធម៌ក្នុងសង្គម មានសមាធិ មានការអនុវត្តវិន័យ ការរស់នៅក្នុងសង្គមយ៉ាងល្អប្រសើរ ទាំងអស់នេះហើយ គឺជាជោគវាសនាសិស្សរបស់នាពេលអនាគត។
សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់សៀវភៅអប់រំស្តីពីការប្រឆាំងអំពើពុករលួយលោកគ្រូ អ្នកគ្រូ និងសិស្ស ឲ្យអនុវត្តកម្មវិធីថ្នាក់ជាតិ មាន៣កម្រិត៖ មានកម្រិតមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១០, ១១ និង១២ ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥, កម្រិតមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៧,៨ និងទី៩ ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦ និងកម្រិតបឋមសិក្សាចាប់ពីឆ្នាំសិក្សា ២០១៦-២០១៧។ ក្នុងនោះដែរ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានផ្តល់សៀវភៅដល់បណ្ណាល័យសាលាបឋមសិក្សាវត្តរាជបូណ៌ ដើម្បីឲ្យលោកគ្រូ អ្នគគ្រូ និងសិស្សានុសិស្សបានអាន និងយល់កាន់តែច្បាស់អំពីអំពើពុករលួយផងដែរ៕