(ភ្នំពេញ)៖ អាជ្ញាធរសវនកម្មជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួង ស្ថាប័ន សហគ្រាស សាធារណៈ គ្រឹះស្ថានសាធារណៈ និងអង្គភាពពាក់ព័ន្ធចំនួន ១២៦រូប។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ នៅសណ្ឋាគារហ្គាឌិន ស៉ីធី រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកស្រីបណ្ឌិត បានគូសបញ្ជាក់ថា ការយល់ដឹងច្បាស់អំពីបទប្បញ្ញត្តិនៃច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងតួនាទី និងភារកិច្ចរបស់អាជ្ញាធរសវនកម្មជាតិ នឹងជំរុញដល់កិច្ចសហការ ដែលជាគុណតម្លៃដ៏វិសេសវិសាលមិនអាចខ្វះបាននៃទំនាក់ទំនងរវាងអាជ្ញាធរសវនកម្មជាតិ និងអង្គភាពរងសវនកម្ម ក្នុងគោលដៅធានាឱ្យបាននូវការអនុវត្តសកម្មភាពការងារសវនកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព ដើម្បីឈានទៅរកការលើកកម្ពស់អភិបាលកិច្ចល្អ និងបង្កើនទំនុកចិត្តពីមហាជនលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លោកស្រីបណ្ឌិត អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានបញ្ជាក់ជូនអង្គសិក្ខាសាលាបន្ថែមថា ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតាក់តែងឡើងដោយស្របតាមស្ដង់ដារអន្តរជាតិសម្រាប់ស្ថាប័នសវនកម្មកំពូល
(International Standard for Supreme Audit Institutions-ISSAIS) ជាក់ស្ដែងនៃព្រះរាជាណាចក្រកម្ពុជា។
អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈដែលឯករាជ្យលើរាល់កិច្ចប្រតិបត្តិការការងារ និងមានតួនាទីអនុវត្តមុខងារសវនកម្មផ្ទៃក្រៅនៃរាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិជួយរាជរដ្ឋាភិបាលដើម្បីគ្រប់គ្រងធនធានសាធារណៈដោយហ្មត់ចត់ តម្លាភាព និងជួយលើការទទួលខុសត្រូវផ្នែកសាធារណៈតាមរយៈការធ្វើសវនកម្មប្រកបដោយគុណភាព ទាន់ពេលវេលា និងជឿទុកចិត្តបាន។
មុខងារសំខាន់ៗរបស់អាជ្ញាធរសវនកម្មជាតិរួមមាន៖ ការពិនិត្យឡើងវិញទៅលើកិច្ចបញ្ចិកាគណនេយ្យ ប្រព័ន្ធគ្រប់គ្រង និងកិច្ចប្រតិបត្តិការនៃក្រសួង ស្ថាប័ន ភ្នាក់ងារ អាជ្ញាធរ ធនាគារជាតិស្ថាប័នហិរញ្ញវត្ថុរដ្ឋចម្រុះឯកជន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិអ្នកម៉ៅការ អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មចំពោះរាជរដ្ឋាភិបាលតាមកិច្ចសន្យា និងបណ្តាអង្គការផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជំនួយបន្ថែមលើទុនផ្ទាល់ និងឥណទាន និងការលើកលែងពន្ធអាករគ្រប់ប្រភេទ ព្រមទាំងសម្បទានផ្សេងទៀតទៅអង្គការមិនស្វែងរកប្រាក់ចំណេញ និងសហគ្រាសវិនិយោគឯកជន។
អាជ្ញាធរសវនកម្មជាតិ ធ្វើសវនកម្មទៅលើសេចក្ដីថ្លែងការណ៍ និងរបាយការណ៍ហិរញ្ញវត្ថុរបស់បណ្តាក្រសួង-ស្ថាប័នដែលជាមូលដ្ឋានសម្រាប់ធ្វើរបាយការណ៍បញ្ជាក់លើសេចក្តីព្រាងច្បាប់ទូទាត់ថវិកាប្រចាំឆ្នាំនីមួយៗ។ អាជ្ញាធរសវនកម្មជាតិក៏ធ្វើសវនកម្មប្រភេទជាក់លាក់ផ្សេងទៀតផងដែរ។
អាជ្ញាធរសវនកម្មជាតិ មានបេសកកម្មក្នុងការជួយជំរុញឱ្យកាន់តែមានតម្លាភាពលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពង្រឹងគណនេយ្យភាពលើយន្តការគ្រប់គ្រងមូលនិធិ និងទ្រព្យសម្បត្តិសាធារណៈ និងផ្តល់នូវសុវត្ថិភាព និងតុល្យភាពដល់កិច្ចដំណើរការនៃប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ។
ក្នុងការបំពេញបេសកកម្មនេះ អាជ្ញាធរសវនកម្មជាតិ នឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់បណ្តាក្រសួង-ស្ថាប័ន សហគ្រាសសាធារណៈ រាជធានី ខេត្ត មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ។
គួររំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ មានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្ដល់អនុសាសន៍កែលម្អចំណុចខ្វះខាតរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺរដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល។ អាជ្ញាធរសវនកម្មជាតិបានធ្វើរបាយការណ៍
សវនកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមឆ្នាំនីមួយៗ ដើម្បីធ្វើការផ្សព្វផ្សាយជាសាធារណៈ៕