(ព្រៃវែង)៖ តំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា តំណាងអង្គការចៃកា និងមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ដែលជាអាជីវករបែបព្រះពុទ្ធសាសនា និងជាពាណិជ្ជករល្បីឈ្មោះមួយរូប នៅកម្ពុជា និងលោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យមើលស្ថានីយ៍ផលិតទឹកស្អាត និងការប្រើប្រាស់ទឹកតាមខ្នងផ្ទះរបស់ពលរដ្ឋ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។
លោក ឯក សុនចាន់ បានឲ្យដឹងថា ប្រព័ន្ធទឹកស្អាតនេះមានការផ្ដួចផ្ដើមឡើងពីមហាឧបាសក អៀង សុធារ៉ា បានមកជួបលោក ដើម្បីស្នើសុំបង្កើតប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋនៅលើកោះពាមរាំងនេះបានប្រើប្រាស់។ តំបូងឡើយរូបលោកមិនសូវចាប់អារម្មណ៍នោះទេ ព្រោះការងារនេះវាមានការលំបាកគួរសមដែរ។ តែពេលមានការព្យាយាមពីមហាឧបាសក អៀង សុធារ៉ា លោកក៏បានសម្រេចចិត្តចុះមកពិនិត្យមើល ហើយចុងក្រោយក៏បានធ្វើសំណើទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុនសាជីវកម្ម Mitsubishi របស់ជប៉ុន បានរួមគ្នាផ្ដល់ថវិកាសាងសង់ប្រព័ន្ធទឹកស្អាតនេះ ដែលមានតម្លៃជាង១៦ ម៉ឺនដុល្លារ។
លោកបានបន្តថា ប្រព័ន្ធទឹកស្អាតនេះវាប្លែកពីប្រព័ន្ធធម្មតាបន្តិចនៅទីជនបទ គឺជាប្រព័ន្ធមួយដែលអាចផ្គត់ផ្គង់ទឹកតាមបំពង់ ផ្ដល់ជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់នីមួយៗ ដែលមាននាឡិកាទឹក លក់ទឹក។ ដើម្បីធានាចំណូលមករក្សាឲ្យមាននិរន្តរភាពក្នុងរយៈពេល ២ឆ្នាំនៃការផ្ដល់ជំនួយនេះគម្រោងស្អាតនេះនៅដំណើរការដែរឬទេ ពីព្រោះនៅក្នុងគម្រោងទាំងអស់នេះ និរន្តរភាព ចីរភាព នៃប្រពន្ធការផ្គត់ផ្គង់ទឹកស្អាត ជាគោលបំណងធំជាងគេបំផុត លោកក៏បានចុះមកផ្ទាល់ ដើម្បីឃើញថាការផ្គត់ផ្គង់ទឹកស្អាតនេះនៅដំណើរការបានល្អ មានទឹកគ្រប់គ្រាន់គុណភាពល្អប្រសើរ។
ជាមួយគ្នានេះលោក ឯក សុនចាន់ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតនូវចំណុចធំ៣ ដោយទី១៖ គ្រួសារមួយចំនួននៅក្នុងសហគមន៍ នៅប្រើទឹកស្អាតយកទៅឆ្លងប្រពន្ធចម្រោះដែលវាធ្វើឲ្យបាត់បង់គុណភាពទឹក ដូច្នេះសូមប្រជាពលរដ្ឋមិនបាច់ប្រើប្រព័ន្ធចម្រោះទៀតទេ ព្រោះគុណភាពទឹកដែលបានផលិតនេះគឺបានត្រួតពិនិត្យគុណភាពស្តង់ដាររបស់ជាតិបានល្អហើយ។ ទី២៖ សូមប្រជាពលរដ្ឋ តទឹកដល់លើផ្ទះតែម្ដង ព្រោះសម្ពាធទឹកគ្រប់គ្រាន់សម្រាប់ផ្ទះមានកម្ពស់១ជាន់ រឺ២ជាន់ ដោយមិនចាំបាច់នៅពេលយប់ ចុះមកក្រោមផ្ទះដើម្បីរកទឹកស្អាតប្រើប្រាស់នោះទេ គឺទឹកនៅលើផ្ទះតែម្ដង អាចប្រើបាន ២៤ម៉ោង។
ទី៣៖ ប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកស្អាតនេះបានច្រើនដោយសារតម្លៃមិនថ្លៃនោះទេ ព្រោះកាលដែលមិនទាន់តទឹកស្អាតនេះ ប្រជាពលរដ្ឋទិញទឹកពីគេ ១ពាង មានតម្លៃចាប់១២ ០០០ ទៅ១៣០០០រៀលឯណោះ ដោយឡែកសម្រាប់ទឹកស្អាតដែលបានតជូនប្រជាពលរដ្ឋប្រើប្រាស់នេះ មានតម្លៃត្រឹមតែ ២៥០០រៀលប៉ុណ្ណោះ ដែលតម្លៃនេះវាតិចតួចមែនទែន ហើយទឹកស្អាតនេះយើងអាចប្រើប្រាស់បានគ្រប់ប្រភេទ តាំងពីហូបចុក ដាំស្ល បោកគក់ ងូតទឹក ប្រើបានគ្រប់គ្រាន់ ។
លោកក៏បានណែនាំឱ្យលោកមេឃុំកោះចេក និងក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋត្រូវរួមគ្នាការពារថែរក្សា ប្រព័ន្ធទឹកស្អាតនេះឱ្យបានគង់វង្សយូរអង្វែង ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីជាផលប្រយោជន៍របស់ប្រជាជន នៅក្នុងសហគមន៍និងតដល់កូនចៅគ្រប់ជំនាន់ ដើម្បីទទួលបានសុខភាពល្អ និងជីវភាពរស់នៅកាន់តែល្អប្រសើរ។
លោកតំណាងស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងថា ស្ថានទូតជប៉ុនបានប្រើប្រាស់ថវិកាគម្រោងតូចសម្រាប់មនុស្សធម៌ របស់ជប៉ុន ហើយគោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើកោះពាមរាំងឲ្យមានសុខភាពល្អ និងជីវភាពកាន់តែល្អប្រសើរបន្ថែមទៀត។ កាលពីមិនទាន់មានទឹកស្អាតនេះប្រជាជនមានជំងឺឈឺស្កាត់ច្រើន តែដល់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ សុខភាពប្រជាពលរដ្ឋនៅតំបន់នេះ កាន់តែល្អប្រសើរឡើង ហើយលោកសូមសម្ដែងនូវការសប្បាយរីករាយ ជាមួយប្រជាពលរដ្ឋនៅលើកោះនេះ ដែលទទួលបានសមិទ្ធផលប្រព័ន្ធទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ផងដែរ។
លោក ម៉ិល គារី មេឃុំកោះចេក ព្រមទាំងក្រុមប្រឹក្សាឃុំប្រជាពលរដ្ឋនៅលើកោះពាមរាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតជប៉ុន ចាំប្រទេសកម្ពុជា ឧបាសក អៀង សុធារ៉ា និងលោក ឯក សុនចាន់ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានខិតខំស្វះស្វែងបង្កើតឲ្យមានប្រព័ន្ធទឹកស្អាតបានប្រើប្រាស់គ្រប់គ្រាន់នៅលើកោះនេះផងដែរ៕