(ឧត្តរមានជ័យ)៖ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ដោយលោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ជំនួសលោកវរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ដែលចូលនិវត្តន៍។
ពិធីប្រកាសចូលកាន់តំណែងនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកចុងកាល់ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងអង្គភាពពាក់ព័ន្ធក្នុងស្រុកចុងកាល់ជាច្រើនទៀត។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកវរសេនីយ៍ត្រី ឌុច គឹមសេង អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ ដែលបានយកអស់កម្លាំងកាយចិត្តចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានស្រុកបានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជានិងការណែនាំដ៍ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោកអនុសេនីយ៍ឯក ហ៊ន់ លាងហេង ត្រូវបានថ្នាក់ដឹកនាំផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចុងកាល់ និងបានបំពាក់ឋានន្តរសក្កិថ្នាក់វរសេនីយ៍ត្រីនាពេលនេះផងដែរ។ លោកថា ការទទួលមុខតំណែងថ្មីនាពេលនេះ គឺជាការទទួលខុសត្រូវខ្ពស់ ដែលទាមទាឱ្យលោកមេបញ្ជាការថ្មី ត្រូវខិតខំយកចិត្តទុកដាក់ទ្វេរដងទាំងការងារសន្តិសុខក្នុងមូលដ្ឋាន ក៏ដូចជាការងារនៅក្នុងអង្គភាពទាំងមូល។
លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ក៏ដាក់បទបញ្ជាបន្ថែមដល់កម្លាំងកងរាជអាវុធហត្ថក្នុងខេត្តឧត្តរមានជ័យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាបរាល់បទល្មើសនានានៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសបទល្មើស ជួញដូរ ចែកចាយ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ចោរលួចចោរប្លន់ និងល្បែងស៉ីសងខុសច្បាប់ជាដើម៕