(ខេត្តកែប)៖ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព រួមគ្នាលើកស្ទួយវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីបម្រើសេវាប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ការថ្លែងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តកែបនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានថ្លែងបន្តថា ដើម្បីឲ្យវិស័យសុខាភិបាលមានការរីកចម្រើន លុះត្រាតែមានការចូលរួមចំណែកពីមន្ត្រីសុខាភិបាលទាំងអស់ និងអាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ ២៤ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំ ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលបានផ្តល់សេវាជូនប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តស្មារតីចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពភាពរឹងមាំទូលំទូលាយ បន្តតម្កល់ខ្ពស់វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលត្រូវឆ្លុះបញ្ចាំងមកវិញតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យ បានផ្តល់នូវអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖
*យកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈបណ្ណ័សមធម៌ និងប.ស.ស
*សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ
*ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឲ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ
*ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្តពេញ និងការផ្តល់ជាគំនិតស្ថាបនា
*បង្កើនសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។
សូមជម្រាបថា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នៅថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំប្រតិភូសុខាភិបាល ចុះស្វែងយល់ពីការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ និងជួបសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឹះ ក្នុងការពង្រឹងគុណភាពសេវាដល់មន្ត្រីក្រោមឳវាទ ក្នុងខេត្តចំនួួន៣ គឺខេត្តតាកែវ កែប និងខេត្តកំពត៕