(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Hjayceelyn M. Quintana តំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអាស៊ាន បានចូលជម្រាបលា នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសដែលលោកស្រី បានបញ្ចប់បេសកកម្មការទូត។

នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់លោកស្រី Hjayceelyn M. Quintana នៅក្នុងគណៈកម្មាធិការតំណាងអចិន្តៃ្រយ៍ប្រចាំអាស៊ាន (CPR) ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលហ្វីលីពីនធ្វើជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។ លោកបានបញ្ជាក់ថា នឹងបន្តផ្តល់ការគាំទ្រដល់អ្នកមកជំនួសលោកស្រី ព្រមទាំងស្ថានបេសកកម្មហ្វីលីពីនប្រចាំអាស៊ានផងដែរ និងជូនពរឱ្យលោកស្រី ទទួលបានជោគជ័យនៅក្នុងតួនាទីនាពេលអនាគតរបស់គាត់។

នៅព្រឹកថ្ងៃដដែលនេះលោក Sudqi Atallah Abd Alkader Al Omoush ឯកអគ្គរាជទូតតែងតាំងថ្មី នៃចក្រភពហ្ស៊កដានីប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Al Omoush ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតហ្ស៊កដានីប្រចាំអាស៊ាន ហើយទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់ ក្នុងការលើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងអាស៊ាន និងហ្ស៊កដានី។ លោកអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យហ្ស៊កដានី បន្តធ្វើការជាមួយអាស៊ាន ដើម្បីរិះរកកិច្ចសហប្រតិបត្តិការ​ដែលអាចធ្វើទៅបានក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ និងទេសចរណ៍។

លោក Al Omoush បានធ្វើការកោតសរសើរ និងទទួលស្គាល់ពីតួនាទីដ៏មានសារៈសំខាន់របស់អាស៊ាន ក្នុងការជំរុញសន្តិភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងក្រៅតំបន់។ លើសពីនេះ គាត់បានបង្ហាញនូវការត្រៀមខ្លួនដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការស្វែងរកវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងភាគីទាំងពីរ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងហ្ស៊កដានី ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។

សូមជម្រាបជូនថា ហ្ស៊កដានី បានតែងតាំងឯកអគ្គរាជទូតដំបូងប្រចាំអាស៊ាន ក្នុងឆ្នាំ២០១៥។ គណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុង Amman ត្រូវបានបង្កើតជាផ្លូវការនៅខែមេសា ឆ្នាំ២០០៨ ក្នុងគោលបំណងជំរុញមុខមាត់ និងកិច្ចសហប្រតិបត្តិការអាស៊ាន ជាមួយហ្ស៊កដានី នៅក្នុងប្រទេសម្ចាស់ផ្ទះ។

 

នៅរសៀលថ្ងៃដដែលនេះលោកបណ្ឌិត កៅ គឹមហួន បានទទួលជួបលោក Rajesh Agrawal ប្រធានអ្នកចរចាឥណ្ឌា សម្រាប់គណៈកម្មាធិការរួមពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការពិនិត្យមើលឡើងវិញនៃ AITIGA និងបានរិះរកវិស័យដ៏មានសក្តានុពល រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យការពិនិត្យមើលឡើងវិញនេះ បានគ្រប់ជ្រុងជ្រោយដូចដែលអាចធ្វើទៅបាន។

 

នៅរសៀលថ្ងៃនេះដែរ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយ លោក Jeffrey Goss ព្រឹទ្ធបុរសរងមហាវិទ្យាល័យ Ira A. Fulton Schools of Engineering នៃសាកលវិទ្យាល័យ Arizona State University ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានមួយចំនួនរវាងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងក្នុងប្រទេសអាស៊ាន ព្រមទាំង បច្ចុប្បន្នភាពស្តីពីមជ្ឈមណ្ឌលអាស៊ាន -សហរដ្ឋអាមេរិក និងកម្មវិធីរបស់មជ្ឈមណ្ឌលនេះ ជាដើម៕