(ភ្នំពេញ)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា «សួនរុក្ខជាតិអង្គរ» នៅក្នុងតំបន់អង្គរ កំពុងត្រូវបានពង្រីក ចំនួន ១៥០ហិកតាថែមទៀត លើទីតាំងដែលមានស្រាប់ ចំនួន ១៥ហិកតា ដែលមានផ្លូវដើរក្នុងព្រៃ និងកន្លែងអង្គុយ។
លោកបែបនេះ ក្នុងឱកាសតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើសន្និសីទសារព័ត៌មានស្តីពី លទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
សួនរុក្ខជាតិអង្គរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ដែលនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ ឆ្ពោះទៅប្រាសាទអង្គរវត្ត បន្ទាប់ពីបានរៀបចំកែលម្អដោយមានដាំរុក្ខជាតិរាប់ម៉ឺនដើម និងផ្កាចម្រុះជាង ៥០០ប្រភេទ រួចមក ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។
លោក ហង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែពង្រីកទៅផ្នែកខាងជើង ១៥០ហិកតាទៀត ជាផ្លូវដើរក្នុងព្រៃតែម្តង និងមានកន្លែងសម្រាប់អង្គុយ ពេលគាត់ហត់គាត់អាចអង្គុយបាន។ ប៉ុន្តែ ហាមមិនឲ្យយកសម្រាមទៅចោលទេ»។
ការបង្កើតឲ្យមានសួនរុក្ខជាតិនេះឡើង ក្នុងគោលបំណង ដើមី្បធ្វើការផ្សព្វផ្សាយជូនសាធារណជនជាតិ អន្តរជាតិ បានចូលមកទស្សនាកម្សាន្ត និង ស្វែងយល់អំពី អំបូររុក្ខជាតិគ្រប់ប្រភេទ ដែលត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស សម្រាប់ឲ្យកូនចៅជំនាន់ក្រោយ បានសិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា។ ម៉្យាងទៀត នេះជាផលិតផលទេសចរណ៍ថ្មីមួយ ដែលពោពេញដោយ គុណប្រយោជន៍ផ្នែកសង្គម និង សេដ្ឋកិច្ច ក៏ដូចជាការចូលរួមលើកកម្ពស់ ការយល់ដឹងបន្ថែមដល់ប្រជាជនកម្ពុជា បានស្គាល់ពីរុក្ខជាតិដ៏សម្បូរបែបនៅក្នុងស្រុក និង ក្រៅស្រុក រួមទាំងផលិតផលទេសចរណ៍បន្ទាប់បនំ្សមួយចំនួនផ្សេងទៀត ក្នុងសួន សំដៅបង្កើនស្មារតីស្រឡាញ់ និង ចូលរួមថែរក្សា ការពារ និង អភិរក្សមរត៍កជាតិយើង។
សួនរុក្ខជាតិអង្គរនេះ ត្រូវបានចែកជា ៥ផ្នែក ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអំបូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយនិងសត្វស្លាបប្រវាំងជាដើមនៅក្នុងនោះដែរ៕