(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង ចំនួន៥១នាក់ និងម៉ូតូ៣៧គ្រឿង ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួននេះ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ និងបង្កសំឡេងរំខាន ដោយការកែច្នៃស៉ីម៉ាំង។
ក្នុងចំណោមករណីដែលបង្ក្រាបបាននោះ រួមមាន៖
*ទី១៖ ករណីបង្ហោះម៉ូតូ០៤ករណី ឃាត់ខ្លួនមនុស្ស១៣នាក់ និងដកហូត ម៉ូតូ៦គ្រឿង នៅខណ្ឌសែនសុខ២ករណី មនុស្ស១០នាក់ ដកហូតម៉ូតូ៤គ្រឿង និងខណ្ឌកំបូល២ករណី មនុស្ស៣នាក់ ដកហូតម៉ូតូ២គ្រឿង
*ទី២៖ ករណីបង្កសំឡេងរំខាន (ស៊ីម៉ាំងកែច្នៃ) ១៣ករណី មនុស្ស៣៨នាក់ និងដកហូត ម៉ូតូ៣១គ្រឿង នៅខណ្ឌសែនសុខ២ករណី មនុស្ស៣នាក់ ដកហូតម៉ូតូ២គ្រឿង, ខណ្ឌច្បារអំពៅ១ករណី មនុស្ស៧នាក់ ដកហូតម៉ូតូ៧គ្រឿង, ខណ្ឌព្រែកព្នៅ៣ករណី មនុស្ស១១នាក់ ដកហូត៩គ្រឿង, ខណ្ឌឬស្សីកែវ២ករណី មនុស្ស៥នាក់ ដកហូតម៉ូតូ៥គ្រឿង និងខណ្ឌកំបូល៤ករណី មនុស្ស១២នាក់ ដកហូតម៉ូតូ៨គ្រឿង។
សូមរំលឹកថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារសំឡេងពិសេសមួយ ពាក់ព័ន្ធនឹងវិធានការលើក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណ។ ជាមួយនឹងសារសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយខ្លឹមសារសំណេរនៅលើបណ្តាញ Facebok ដែលមានខ្លឹមសារដូចខាងក្រោម៖
«កន្លងទៅខ្ញុំបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។
ជាការឆ្លើយតប ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ»៕