(សៀមរាប)៖ ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ណាស់ ក្នុងការណែនាំទិសដៅទស្សនា មើលសកម្មភាពនានា របស់ភ្ញៀវទេសចរ ពន្យល់ណែនាំ ក៏ដូចជាជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើង ជាយថាហេតុក្នុងការទស្សនានៅតំបន់អង្គរ។ សកម្មភាពដែលភ្នាក់ងារទេសចរណ៍តែងតែយកចិត្តទុកដាក់ និងជួបជាប្រចាំ គឺការជួយសង្គ្រោះភ្ញៀវពេលមានគ្រោះថ្នាក់ ការរើសបានរបស់ភ្ញៀវ និងទប់ស្កាត់ករណីភ្ញៀវប្រព្រឹត្តិ មិនសមរម្យ នៅក្នុងពេលទស្សនា។
យោងតាមរបាយការណ៍សកម្មភាពការងារ នៅខែសីហា ឆ្នាំ២០១៦នេះ របស់នាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ក្រុមការងារជួយសង្គ្រោះភ្ញៀវបាន១៥ករណី ដែលរងរបួសដោយ រអិល ជំពប់ជើង បណ្តាលឱ្យដួល គ្រិច ថ្លោះដៃជើង ងងឹតមុខ ចុកពោះ ប៉ះក្បាលនឹងហោជាង ឬរោងទង និងធ្លាក់ពីលើរ៉ឺម៉ក ដែលបញ្ហាទាំងនេះ មិនមានច្រើនទេ នៅតំបន់អង្គរ ដែលពេលខ្លះកើតឡើង ដោយសារភ្ញៀវមានការធ្វេសប្រហែសរបស់ខ្លួន មិនគោរពតាមការណែនាំ ឬស្លាកសញ្ញាហាមឃាត់ និងសុខភាពផ្ទាល់ខ្លួនរបស់ពួកគាត់ជាដើម។
ប៉ុន្តែទោះជាយ៉ាងណា ក្រុមភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានជួយសង្គ្រោះទាន់ពេលវេលានៅហ្នឹងកន្លែងចំពោះករណីស្រាលៗ រីឯករណីធ្ងន់ គឺត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែក្រុមភ្នាក់ងារទេសចរណ៍ អាជ្ញាធរជាតិអប្សរា នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញសង្គ្រោះបឋម និងមានបរិក្ខារសង្គ្រោះបឋមជាប់ខ្លួនស្រាប់។
ដោយឡែក ចំពោះការរើសបានរបស់របរភ្ញៀវ ដែលភ្លេច ឬជ្រុះ នៅតាមបណ្តាប្រាសាទវិញ គឺមាន១៨ករណី ក្នុងនោះរកឃើញ១៥ករណី និងរកមិនឃើញ៣ករណី ឯករណីរកមិនឃើញ ភ្នាក់ងារទេសចរណ៍ បានណែនាំឱ្យភ្ញៀវដាក់ពាក្យបណ្តឹង នៅអង្គភាពនគរបាលទេសចរណ៍ ហើយសម្ភារៈដែលភ្ញៀវភ្លេច និងបាត់ជាទូទៅមានដូចជា ទូរសព្ទដៃ កាបូបស្ពាយ កាបូបលុយ ម៉ាស៊ីនថត កាតអេធីអ៊ឹម សំបុត្រឆ្លងដែន ជើងទម្រម៉ាស៊ីនថត។ល។ ក្នុងករណីរកឃើញ សម្ភារៈហើយ រកម្ចាស់មិនឃើញ ភ្នាក់ងារទេសចរណ៍ បានប្រគល់ជូននគរបាលទេសចរណ៍ ជាអ្នករក្សាទុក ដើម្បីរង់ចាំម្ចាស់មកទាក់ទង ដែលរាល់សកម្មភាពទាំងនេះ ទទួលបាននូវការអរគុណ និងកោតសរសើរយ៉ាងច្រើ នពីសំណាក់អ្នកទេសចរជាតិ និងអន្តរជាតិ មិនដាច់ពីមាត់ ព្រមទាំងការបង្ហាញនូវក្តីស្រឡាញ់ និងទំនុកចិត្តមកលើភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ទៀតផង។
ក្រៅពីនោះ ក្រុមភ្នាក់ងារទេសចរណ៍ ក៏បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្ត មិនសមរម្យបាន២៨ករណីផងដែរ ដូចជា ការបង្ហោះ Drone ថតរូបបង្ហាញម៉ូត បម្រុងថតរូបលើកបដា ជាភាសាបរទេស ឡើងកន្លែងហាមឃាត់ និងគ្រោះថ្នាក់ ស្លៀកសម្លៀកបំពាក់ស៊ិចស៊ី ជនបរទេសថតរូបអាពាហ៍ពិពាហ៍ ដោយគ្មានច្បាប់អនុញ្ញាត ថតរូបកាយវិការមិនសមរម្យ ថតរូបអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាត ជក់បារីជាដើម។
អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ជានិច្ច លើគ្រប់បញ្ហាដែលកើតឡើង នៅក្នុងតំបន់អង្គរ ពិសេស គឺសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួលដល់ភ្ញៀវទេសចរ សំដៅធ្វើយ៉ាងណា គឺឱ្យភ្ញៀវទេសចរមកទស្សនាកម្ពុជា ម្តងហើយចង់មកម្តងទៀត ជាពិសេសជួយយកចិត្តទុកដាក់ ពេលភ្ញៀវមានបញ្ហា ដែលនេះជាសន្តានចិត្ត ដែលខ្មែរមានតាំងពីដូនតាមក៕