(ភ្នំពេញ)៖ ក្នុងជំនួបភាជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្ឃឹមថាភាគីចិននឹងបន្តផ្តល់ជំនួយនានា ដើម្បីបម្រើដល់វិស័យសន្តិសុខ និងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃកម្ពុជា។
ក្នុងជំនួបនោះ លោកអភិសនិ្តបណ្ឌិតបានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិន ដែលបានអញ្ជើញលោក និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន នៅខែកញ្ញាខាងមុខនេះ ហើយសង្ឃឹមថាគណៈប្រតិភូនឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីភាគីចិន។
លោក Wang Wenbin និងលោកអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
អភិសន្តិបណ្ឌិត ស សុខា សង្ឃឹមថា ភាគីចិននឹងបន្តផ្តល់ជំនួយនានា រួមមានមានជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខនិងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ។
លោកសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកកម្មការទូតរបស់លោក Wang Wenbin ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងរីកចម្រើនកាន់តែខ្លាំងជាលំដាប់៕