(ភ្នំពេញ)៖ កម្ពុជាកំពុងពិចារណាក្នុងការសិក្សា ក្នុងការដាក់ «ស្ថានីយល្អាងស្ពាន» មួយទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះជាការបញ្ជាក់របស់ លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទី នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលលើកទី៤៦ របស់គណកម្មការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។
លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទី នៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវនេះ នៅក្នុងបញ្ជើត្រៀមស្ថានីយសំខាន់ៗចំនួន៧ រួមមាន៖ សារមន្ទីរទួលស្លែង អង្គរបុរី ប្រាសាទបន្ទាយឆ្មារ ឧដុង្គ ភ្នំគូលែន ប្រាសាទព្រះខ័នកំពង់ស្វាយ និងប្រាសាទបេងមាលា ហើយបញ្ជីនេះ មានតាំងពីឆ្នាំ១៩៩៣មក ហើយមានការកែសម្រួលក្នុងឆ្នាំ២០២០ នាពេលអនាគតក្រសួងវប្បធម៌ និងពិចារណាម្ដងទៀត តើយើងគួរតែរកស្ថានីយណាដែលសំខាន់ៗ ដាក់បញ្ជូលនៅក្នុងបញ្ជីត្រៀម ប៉ុន្ដែជាលក្ខណៈបច្ចេកទេស មិនទាន់បានសុំយោបល់ពីថ្នាក់ដឹងនាំនោះទេ ហើយក្រុមការងារបច្ចេកទេសក៏បានពិចារណាទៅលើស្ថានីយមួយចំនួនដែលសំខាន់ ឧទាហរណ៍ នៅបាត់ដំបង មានស្ថានីយល្អាងស្ពាន ខេត្ដកំពតមានប្រាសាទ នៅក្នុងរូងភ្នំ ដូចជា ភ្នំឈូកជាដើម ដែលជាស្ថានីយសំខាន់ៗ ដែលយើងនឹងពិចារណាដាក់ទៅថ្នាក់ដឹកនាំ ដើម្បីសម្រេចដាក់ចូលក្នុងបញ្ជើត្រៀម»។
លោកបណ្ឌិត ឈុំ ម៉េងហុង បានបន្ដថា ដោយឡែកបច្ចុប្បន្ននេះ អ្វីដែលយើងត្រូវដាក់បន្ទាប់ គឺសារៈមន្ទីរទួលស្លែង ដាក់ជាសេរីជាមួយនិង ស្ថានីយជើងឯក ជាស្ថានីយថ្មី អ្វីដែលដាក់កន្លែងមកជាប្រាសាទ និងទាក់ទងជាមួយការចងចាំ សម្រាប់កម្ពុជា និងមានការវិនិច្ឆ័យនៅឆ្នាំ២០២៥។ ហើយមានស្ថានីយពីរទៀតដែរ ក្រសួងវប្បធម៌ កំពុងតែចាប់ផ្ដើមសរសេរឯកសារទីមួយ គឺប្រាសាទបន្ទាយឆ្មារ សង្ឃឹមថា ប្រាសាទបន្ទាយឆ្មារ អាចចប់ឯកសារនៅចុងឆ្នាំនេះ ដាក់បាននៅឆ្នាំ២០២៥ ប៉ុន្ដែឯកសារហ្នឹងងយើងកំពុងធ្វើមួយវិញទៀតកំពុងតែពិចារណា ដាក់អង្គបុរីដែរ ក៏ប៉ុន្ដែអង្គបុរីកំពុងតែចាប់ផ្ដើម នេះជាទិសដៅរបស់ក្រសួងវប្បធម៌ ទាក់ទងនឹងការដាក់បញ្ចូលបេតិកសំខាន់ៗ ទៅក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃអនាគត។
ស្ថានីយបុរេប្រវតិ្តសាស្ត្រល្អាងស្ពាន ជាស្ថានីយបុរេប្រវតិ្តសាស្ត្រមានអាយុកាលចាស់ជាងគេបំផុតនៅប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះពុំមានស្ថានីយណាមួយដែលបង្ហាញពី ភស្តុតាងនៃការតាំងទីលំនៅមានអាយុកាលចាស់ជាងស្ថានីយល្អាងស្ពានឡើយ។
ស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ បានធ្វើកំណាយរកឃើញលើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និងលោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវនេះបានអាក់ខានជាង៤០ឆ្នាំ លុះដល់ឆ្នាំ២០០៩ ទើបមានការសិក្សាស្រាវជ្រាវរកបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិនៃប្រទេសបារាំង ដោយមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។ ការធ្វើកំណាយជាហូរហែកន្លងមក បានរកឃើញនូវវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ «អង្កាំ និងកងដៃធ្វើអីថ្ម ឬបន្តោងខ្សែកធ្វើពីចង្កូមសត្វ» បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសពជាដើម។
ការវិភាគទៅលើវត្ថុត្រូវបានរកឃើញពីកំណាយបានបង្ហាញថា ស្ថានីយល្អាងស្ពានមានមនុស្សរស់នៅពីរឬបីដំណាក់កាលផ្សេងគ្នាមកហើយ។ សម័យថ្មបំបែកនេះមានអាយុកាលប្រហែល៧១,០០០ឆ្នាំ វប្បធម៌ហាវប៊ីនញៀនមានអាយុចន្លោះពី១១,០០០ដល់៥,០០០ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីងមានអាយុប្រហែល៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសពនាសម័យនោះ។
កាលប្រវត្តិទទួលបាននាពេលនេះ គឺធ្វើឡើងតាមវិធីសាស្ត្របីផ្សេងៗគ្នា ដូចជា 14c, OSL, U-Th ទៅលើស្រទាប់ដីផ្សេងៗគ្នាចាប់ពីផ្ទៃខាងលើរហូតដល់ជម្រៅ៥ម៉ែត្រ។ តែមកទល់ពេលនេះ ល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្ត្រតែមួយគត់នៅប្រទេសកម្ពុជា ដែលគេបានរកឃើញដោយឧបករណ៍ថ្មីនៃវប្បធម៌ហាវប៊ីនញៀនច្រើនប្រភេទ ហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ទាំងនោះជួយឱ្យយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ថ្ម វប្បធម៌ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៌ហាវប៊ីនញៀន ព្រមទាំងទំនាក់ទំនងជាមួយសង្គម អ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍នៅលើដីគោក៕