(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយ​វីដេអូ​មួយ​ដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍​ប្រជាជាតិ​កម្ពុជាគ្រប់ជំនាន់»

វីដេអូមានរយៈពេល១៦នាទី បានបង្ហាញថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រ​ដែល​មាន​តម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាង​សង់​ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋាន​បានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីក​ហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនខ្មែរទាំងប្រុសស្រី គឺតែង​រំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយ​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថា នឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែល​រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយ​ទៀត​សម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាល​ដល់សេដ្ឋកិច្ច​ជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុង​រយៈកាល​កន្លងទៅ។

ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែល​នេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែក​ជីក​ហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយ​តិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា៕