(ភ្នំពេញ)៖ អង្គការ UNESCO នឹងវាយតម្លៃលើការដាក់បញ្ចូលក្រមាកម្ពុជា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក នៅចុងឆ្នាំនេះ ខណៈដែលសម្លៀកបំពាក់ប្រពៃណីខ្មែរ កម្ពុជាក៏កំពុងសិក្សាដាក់បញ្ចូលដែរ។ នេះបើតាម លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា «បេតិកភណ្ឌវប្បធម៌អរូបីដែលក្រសួងវប្បធម៌បានបញ្ចូលនោះគឺក្រម៉ា បានបញ្ជូនឯកសារចប់សព្វគ្រប់ហើយ និងរង់ចាំចម្លើយមកវិញ ហើយអាចចេញបាននៅអំឡុងឆ្នាំ២០២៤នេះ មួយទៀតគឺត្រៀមដូចគ្នានូវសម្លៀកបំពាក់ប្រពៃណីខ្មែរ» ។
លោកបណ្ឌិត ឈុំ ម៉េងហុង ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកសន្នីសិទស្ដីពី «លទ្ធផលលើកទី៤៦ របស់គណៈកម្មាការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា» នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបី ចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបី ចំនួន៦ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕