(ភ្នំពេញ)៖ តំណាងក្រុមហ៊ុនដឹកអ្នកដំណើរ ១៤ក្រុមហ៊ុន ក្នុងចំណោមក្រុមហ៊ុនជាង ៣០ ដែលបានចំបញ្ចី នៅក្រសួងសាធារណការ និងដឹកជញ្ចូនបានសន្យថា ពួកគេនឹងមិនដំឡើងថ្លៃឈ្នួល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌទេ ដោយសន្យាថានឹងប្រើប្រាស់ តម្លៃដូចថ្ងៃធម្មតា។
តំណាងក្រុមហ៊ុន ទាំង ១៤នោះ បានប្រកាសបែបនេះ នៅក្នុងជំនួបជាមួយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ខណៈ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានការអំពាវនាវដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់តំណាងក្រុមហ៊ុនដែលបានសន្យាថា មិនដំឡើងថ្លៃឈ្នួលនេះ។ លោកក៏បានសន្យាត្រឡប់ទៅវិញថា លោកនឹងស្នើឱ្យ មានការចុះផ្សាយ ក្រុមហ៊ុនដែលមានសណ្តានចិត្តទាំង១៤ នោះឲ្យប្រជាពលរដ្ឋបានដឹងថា តាមរយៈ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, Facebook របស់ លោក ស៊ុន ចាន់ថុលផ្ទាល់ និងតាមរយៈសារព័ត៌មាន Fresh News ផងដែរ។
តាមរបាយការណ៍របស់ក្រសួងសាធារណការ បានឱ្យដឹងថា ក្រុមហ៊ុនដឹកអ្នកដំណើរទាំង១៤នោះ ដែលមិនដំឡើងថ្លៃនោះរួមមាន ក្រុមហ៊ុន ថុង សម្បត្តិ, ក្រុមហ៊ុន ម៉ី ហុងដឹកអ្នកដំណើរ ក្រុមហ៊ុន ផលបូផាន់ត្រេកស្ព័តខូអិលធីឌី,ក្រុមហ៊ុន ដាកក្រហម, ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា, ក្រុមហ៊ុនវ៉ាង រ៉ិច, ក្រុមហ៊ុន GIANTIBIS Transport, ក្រុមហ៊ុនហ្គោលដេនបាយ័នអេចប្រេស ក្រុមហ៊ុន រិទ្ធី មុនីដឹកអ្នកដំណើរ, ក្រុមហ៊ុន កាពីតូល, ក្រុមហ៊ុន ពន្លឺអង្គរខ្មែរដឹកជញ្ជូន, ក្រុមហ៊ុន ណាហ្គាត្រេនស្ព័ត, ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងចុងក្រោយ ក្រុមហ៊ុន NATTAKANដឹកអ្នកដំណើរ ជាដើម។
លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ នៅក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ដែលប្រកាសមិនដំឡើងថ្លៃនេះ បានប្រាប់អង្គភាព Fresh Newsថា ការប្រកាសថា ក្រុមហ៊ុនលោកនឹងមិនតំឡើងថ្លៃឈ្នួល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះនោះទេ។ លោកថា ក្រុមហ៊ុននឹងរៀបចំកញ្ចប់ថវិកាមួយផ្នែក ដើម្បីសម្រូលដល់ការចំនាយរបស់ក្រុមហ៊ុន និងទៅលបុគ្គលិក។ លោកក៏បានចូលរួមសាទរផងដែរចំពោះ ប្រមុខដឹកនាំដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយការមិនតំឡើងថ្លៃនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយសម្រូលជីវភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវជាថ្មី កុំឱ្យរថយន្តឈ្នួលទាំងឡាយ ឡើងថ្លៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ហើយសម្តេចតេជោ ក៏បានស្នើដល់អ្នកបើកបរគ្រប់រូប ត្រូវប្រុងប្រយ័ត្នខ្ពស់ នៅពេលបើកបរជាពិសេស គោរពច្បាប់ចរាចរណ៍ោ្យបានត្រឹមត្រូវ។
សម្តេចតជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថានៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សូមអំពាវនាវចំពោះរថយន្តឈ្នួលទាំងឡាយ កុំឡើងថ្លៃអំពាវនាវចឹង តែគាត់មិនស្តាប់ ហើយយើងវាអត់ឡានជិះ ចឹងចេះតែជិះទៅ អំពាវនាវឲ្យប្រជាពលរដ្ឋអ្នកបើកបររបស់យើងក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយដើម្បីចូលរួម ពិធីបុណ្យឆ្នាំនេះ សូមធ្វើដំណើរដោយ ប្រុងប្រយ័ត្នកុំឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពេលវេលានៃការធ្វើបុណ្យ»៕