(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «គ» ផ្នែកឯកជន និងជាប្រធាន FASMEC
បានដឹករៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជនក្រុម «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីសំណាក់លេខាធិការដ្ឋានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធាន និងសុមាជិកក្រុមការងារ «គ» ផ្នែកឯកជន, តំណាងសមាគមសហគ្រិនស្រ្តីកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសមាគមអ្នកផលិតឱសថកម្ពុជា, តំណាងសហគ្រាសផលិតកម្មផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារក្រុម «គ» ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ផ្នែកឯកជន ក៏ដូចជាពិនិត្យ ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យនេះដែលរួមមាន៖ ១. បញ្ហាកម្ចីពីធនាគារ SMEs Bank, ២. បញ្ហាថាមពលចំពោះវិស័យ SMEs, និងទី៣. បញ្ហាប្រឈមក្នុងវិស័យអំបិល, ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ៕