(ក្រចេះ)៖ អាជ្ញាធរក្រុងក្រចេះ បើកឲ្យមានចូលរួមដេញថ្លៃជាផ្លូវការ នៃគម្រោងមូលនិធិសង្កាត់ ដើម្បីធ្វើការសាងសង់ផ្លូវបេតុងចំនួន២ខ្សែ និងប្រព័ន្ធលូរំដោះទឹក នៅក្នុងមូលដ្ឋានសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ។
ការចូលរួមដេញថ្លៃនេះ ក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរ-ក្រុង អាជ្ញាធរសង្កាត់ក្រចេះ គណៈកម្មការលទ្ធកម្មសង្កាត់ និងមានក្រុមហ៊ុនម៉ៅការ ចំនួន១៥ក្រុមហ៊ុន នៅទីតាំងសាលា សង្កាត់ក្រចេះ។
លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឲ្យដឹងថា គម្រោងដែលបានដាក់ឲ្យដេញ ថ្លៃជាផ្លូវការនៅព្រឹកមិញនេះ គឺធ្វើផ្លូវបេតុងអាមេចំនួន២ខ្សែ ខ្សែទី១៖ ប្រវែង១០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ, ខ្សែទី២៖ ប្រវែង១០៤ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅក្នុងតម្លៃប៉ាន់ស្មាន១៤១,៥៨៦,៧៦៥រៀល។
ចំពោះការសាងសង់ជួសជុលលូ រំដោះទឹកប្រវែង៣២០ម៉ែត្រអង្កត់ផ្ជិត៦០០មីលីម៉ែត្រ និងសង់លូជ្រុងប្រវែង១០៦ម៉ែត្រ ទទឹង៣៥០មីលីម៉ែត្រ នៅក្នុងតម្លៃប៉ាន់ស្មាន១៦២,៤៣៧,៥០០រៀល។
លោកចៅសង្កាត់ ក៏បានបញ្ចាក់ថា នៅក្នុងចំណោមក្រុមហ៊ុនទាំង១៥ គឺមានក្រុមហ៊ុនតែ៥ប៉ុណ្ណោះ ដែលបានសម្រេចចិត្តដាក់ដេញថ្លៃ ដោយឡែក ក្រុមហ៊ុនដែលដេញថ្លៃឈ្នះក្នុងការ សាងសង់ផ្លូវបេតុង អាមេពីរខ្សែគឺក្រុមហ៊ុនឈ្មោះ មេត ម៉េងហ័ង អូអេសភីចំរើនវុទ្ឍី ក្នុងទឹកប្រាក់ចំនួន៧១,២០០,០០០រៀល ហើយក្រុមហ៊ុនដែលដេញថ្លៃ សម្រាប់ការជួសជុល និងកសាងប្រព័ន្ធលូ គឺឈ្មោះក្រុមហ៊ុន ហ៊ួរ បូ (អេចប៊ីរីស) នៅក្នុងតម្លៃទឹកប្រាក់៩៣,៦៨០,០០០រៀល។
លោកថា ក្រុមហ៊ុនអ្នកដេញថ្លៃ ដែលឈ្នះត្រូវអនុវត្ត ឲ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់ សេចក្តីលម្អិតបច្ចេកទេស និងល័ក្ខខ័ណ្ឌនៃកិច្ចសន្យាក្នុង ករណីកិច្ចសន្យា ត្រូវបានបញ្ឈប់មុនកាលកំណត់ ដោយសារតែអ្នកទទួលការ ឬអ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ទំនិញមិនអនុវត្តតាមល័ក្ខខ័ណ្ឌ នៃកិច្ចសន្យានោះអ្នកទទួលការ ឬអ្នកផ្តល់សេវាកម្ម ឬអ្នកផ្គត់ផ្គង់ទំនិញនោះ នឹងមិនទទួលបាន ការទូទាត់ឡើយ ហើយប្រាក់កក់ធានាការអនុវត្តនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។
ចំពោះកិច្ចសន្យាសាងសង់ អ្នកទទួលការមានកាតព្វកិច្ចថែទាំលទ្ធផលកិច្ចសន្យា ក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចប់ការសាងសង់ បើមិនដូច្នេះទេ ថវិកា១០%សម្រាប់ការទូទាត់ ចុងក្រោយនឹងមិនត្រូវបានទូទាត់ឡើយ៕