(ភ្នំពេញ)៖ នៅឆ្នាំ២០២៥ ខាងមុខនេះ ស្ថានីយ៍ទាក់ទងនឹងការចងចាំចំនួន៣ ដែលក្នុងនោះរួមមាន សារមន្ទីរទួលស្លែង បឹងជើងឯក និងមន្ទីរម១៣ របស់កម្ពុជា នឹងត្រូវវាយតម្លៃដើម្បីដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោក។ នេះបើតាម លោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។
លោកបណ្ឌិតបានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌា។
លោកបណ្ឌិត ឈុំ ម៉េងហុង បានបញ្ជាក់ដូចនេះថា «បច្ចុប្បន្ននេះអ្វីដែលយើងត្រូវដាក់បន្ទាប់នៅឆ្នាំ២០២៥ មានដូចជា៖ សារមន្ទីរទួលស្លែង ដែលដាក់ជា Series (កញ្ចប់) ជាមួយនឹងស្ថានីយ៍ បឹងជើងឯក និង ម១៣។ យើងដាក់ជា Series ជាស្ថានីយ៍ថ្មី ដោយអ្វីដែលយើងបានដាក់កន្លងមកជាប្រាសាទ តែស្ថានីយទាំង៣នេះ គឺទាក់ទងរឿងការចងចាំ ហើយនឹងមានការវិនិច្ឆ័យនៅឆ្នាំក្រោយ ឆ្នាំ២០២៥»។
លោកបណ្ឌិត ឈុំ ម៉េងហុង បានបន្តថា មកដល់ពេលនេះ នៅក្នុងបញ្ជីត្រៀមរបស់កម្ពុជា សម្រាប់ដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក មានស្ថានីយ៍សំខាន់ៗចំនួន៧ ដូចជា៖ សារមន្ទីរទួលស្លែង ប្រាសាទភ្នំដាអង្គរបុរី ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ដែលបញ្ជីនេះ គឺមានតាំងពីឆ្នាំ១៩៩៣មក ហើយក៏បានកែសម្រួលម្តងទៀត នៅឆ្នាំ២០២០។
លោកបណ្ឌិត ឈុំ ម៉េងហុង បានបន្ថែមទៀតថា «ក្រសួងវប្បធម៌ នឹងពិចារណាម្តងទៀត ដើម្បីរកស្ថានីយ៍ណាដែលសំខាន់ៗដើម្បីដាក់ចូលក្នុងបញ្ជីត្រៀម ប៉ុន្តែជាលក្ខណៈបច្ចេកទេស គឺក្រសួងមិនទាន់បានសុំយោយល់ពីថ្នាក់ដឹកនាំនោះទេ ប៉ុន្តែក្រុមការងារបានពិចារណាទៅលើស្ថានីមួយចំនួនដែលសំខាន់ៗរួចហើយ ដែលមានដូចជា៖ ស្ថានីយ៍ល្អាងស្ពាន នៅបាត់ដំបង និងស្ថានីយ៍ ភ្នំឈ្ងោក នៅខេត្តកំពតផងដែរ»។
លោកបណ្ឌិតបានបន្ថែមទៀតថា មកដល់ពេលនេះមានស្ថានីយ៍ដែលក្រសួងវប្បធម៌ កំពុងតែសរសេរឯកសារដែលមានដូចជា៖ ប្រាសាទបន្ទាយឆ្មារ ដែលនឹងអាចចប់រួចរាល់ក្នុងការសរសេរឯកសារនៅចុងឆ្នាំ២០២៤នេះ ហើយអាចដាក់ស្នើនៅក្នុងឆ្នាំ២០២៥, ប្រាសាទភ្នំដា អង្គរបូរី ដែលក្រសួងក៏កំពុងបង្កើតក្រុមការងារក្នុងការពិចារណា។ ទាំងនេះ គឺជាទិសដៅការងារសំខាន់ៗរបស់ក្រសួងវប្បធម៌ ក្នុងការដាក់បញ្ជូនបេតិកភណ្ឌសំខាន់ៗ ទៅក្នុងបេតិកភណ្ឌពិភពលោកផងដែរ។
រហូតមកដល់ពេលនេះ មានសម្បត្តិវប្បធម៌ខ្មែរចំនួន១០ហើយ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន៤ ជាបេតិកភណ្ឌរូបី និង៦ទៀត ជាបញ្ជីបេតិកភណ្ឌអរូបី។ បេតិកភណ្ឌរូបី មានដូចជា ឧទ្យានបុរាណវិទ្យាអង្គរ, ប្រាសាទព្រះវិហារ, តំបន់ប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទកោះកេរជាដើម។ ដោយឡែកបេតិកភណ្ឌអរូបី មានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត និងក្បាច់គុនល្បុក្កតោផងដែរ។
ក្រមាខ្មែរ នឹងត្រូវវាយតម្លៃបញ្ជូលជាសម្បត្តិបេតិកភណ្ឌអរូបី នៅចុងឆ្នាំ២០២៤ នេះផងដែរ៕