(ភ្នំពេញ)៖ លោក យឺន ឌីនិត អតីតសកម្មជនមាតាធម្មជាតិ បា​នលាតត្រដាងការពិតអំពីសកម្មភាពជាក់ស្តែងដែល អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ និងបក្ខពួកបានធ្វើ គឺមិនមែនដើម្បីការពារបរិស្ថាននោះទេ ប៉ុន្តែនៅពីក្រោយខ្នងពួកគេ គឺបានបោកបញ្ឆោតយុវជនខ្មែរ ឱ្យចូលរួមក្នុងសកម្មភាពផ្តួលរំលំរដ្ឋាភិបាល ដោយទទួលលុយពីអង្គការបរទេសមួយចំនួន។

អតីតសកម្មជនមាតាធម្មជាតិរូបនេះ បានគូសបញ្ជាក់ថា៖ «ជាក់ស្តែងតាមអ្វីដែលខ្ញុំធ្លាប់ចូលរួមក្នុងសកម្មភាពគឺពួកគេតែងតែដឹកនាំ បង្រៀនយុវជនខ្មែរឱ្យក្រោកឡើងបះបោរ ធ្វើសកម្មភាពដែលប្រឆាំងនឹងរាជរដ្ឋាភិបាល។ ដោយឃើញពីសកម្មភាពមិនប្រក្រតីទាំងអស់នេះហើយទើបខ្ញុំបានចាកចេញពីពួកគេ»។

អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។

លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ៕

សូមស្តាប់ការលាតត្រដាងរបស់សកម្មជនមាតាធម្មជាតិដូចខាងក្រោម៖